(ភ្នំពេញ)៖ លោក កាំង សេន នាយកគ្រប់គ្រងក្រុមហ៊ុន FUXIN Steel Buildings នៃក្រុមហ៊ុន ISI STEEL បានលើកឡើងថា វិស័យឧសហ្សកម្មនៅកម្ពុជាបច្ចុប្បន្ន កំពុងមានភាពរីកចម្រើនខ្លាំង ដែលជំរុញឲ្យចរន្ដសេដ្ឋកិច្ចក្នុងប្រទេសកាន់តែល្អប្រសើរ ហើយបានផ្ដល់ឱកាសការងារ ដើម្បីសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋបានយ៉ាងច្រើន ពិសេសគឺក្រុមនិស្សិត ដែលកំពុងសិក្សា និងបញ្ចប់ការសិក្សាជំនាញពាក់ព័ន្ធឧស្សាហកម្មតែម្ដង ។
ការថ្លែងបែបនេះ បានធ្វើឡើងក្នុងឱកាសក្រុមហ៊ុន ISI STEEL សហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(សាលាតិចណូ) លើកដំបូង ដោយអនុញ្ញាឲ្យនិស្សិតឆ្នាំទី៤ ផ្នែកឧស្សាហកម្ម និងវិស្វកម្មមេកានិចំនួន ៤០នាក់ចុះធ្វើទស្សនកិច្ចសិក្សាក្នុងរោងចក្រកែច្នៃដែករបស់ក្រុមហ៊ុន នាល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះ ក្នុងគោលបំណងរួមចំណែកជាមួយរាជរដ្ឋាភិបាល នៅក្នុងការអភិវឌ្ឍន៍ និងពង្រឹងវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា ។
លោកបន្ដថា ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតសាលាតិចណូនេះ គឺជាឱកាសដ៏ល្អសម្រាប់និស្សិតត្រៀមបញ្ចប់ការសិក្សា ដែលពួកគេត្រូវសិក្សាស្វែងយល់បន្ថែមលើការអនុវត្តការងារជាក់ស្ដែងមួយចំនួន ដើម្បីទទួលបានបទពិសោធន៍ និងចំណេះដឹងថ្មីៗ លើវិស័យឧស្សាហកម្មដែក ដែលជាវិស័យមួយកំពុងមានតម្រូវការដ៏ច្រើន និងមានការរីកចម្រើននាពេលបច្ចុប្បន្ន ។
នាយកគ្រប់គ្រងក្រុមហ៊ុន FUXIN ខាងលើបានបន្ថែមថា «បច្ចុប្បន្នក្រុមហ៊ុនកំពុងមានសន្ទុះរីកចម្រើន ហើយតម្រូវការបុគ្គលិកក៏មានច្រើន គឺគ្រប់ជំនាញ គ្រប់ជាន់ថ្នាក់ ដើម្បបំពេញការងារផ្សេងៗ ហើយក៏ជួនពេលប្រទេសកម្ពុជាកំពុងរីកចម្រើនលើគ្រប់វិស័យ ពិសេសគឺវិស័យឧស្សាហកម្ម...។ ស្របពេលក្រុមហ៊ុនយើងផ្ដោលលើឧស្សាហកម្មច្រើន ដូច្នេះយើងពិតជាសប្បាយចិត្តក្នុងការចែករំលែកដល់និស្សិតតិចណូ និងនិស្សិតសាលាមួយចំនួន ដើម្បីកាន់តែមានចំណេះដឹង និងបទពិសោធន៍ងាយរកការងារធ្វើ» ។
គួរបញ្ជាក់ថា មួយរយៈពេលចុងក្រោយក្រុមហ៊ុន ISI STEEL បានផ្ដល់ឱកាសឲ្យនិស្សិតជាច្រើនចូលធ្វើទស្សនកិច្ចសិក្សាផ្ទាល់នៅក្រុមហ៊ុនរបស់ខ្លួន ហើយថែមទាំងធ្វើការបង្ហាញពីលក្ខខណ្ឌការងារ និងណែនាំអំពីខ្សែសង្វាក់ផលិតកម្មដែក រួមទាំងស្វែងយល់ពីស្ដង់ដាសុវត្ថិភាព ៥ស(5S) សម្រាប់បុគ្គលិកបម្រើការងារក្នុងរោងចក្ររបស់ក្រុមហ៊ុនថែមទៀតផង ៕