(សៀមរាប)៖ នៅ​រសៀល​ថ្ងៃទី២៤ ​ខែឧសភា ​ឆ្នាំ២០១៧ ​លោកស្រី ​ភឿង ​សកុណា ​រដ្ឋមន្រ្តី​ក្រសួងវប្បធម៌ ​និង​វិចិត្រ​សិល្បៈ ​និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា ​បាន​ចុះ​ទស្សនកិច្ច​ជាលើកដំបូង​នៅ​ភូមិ​ធម្មជាតិ​រុនតាឯក​។ ​ក្នុង​ទស្សនកិច្ច​នេះ ​លោកស្រី​បាន​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ ​សិស្សានុសិស្ស ​ព្រមទាំង​ពិនិត្យ​គម្រោង​អភិវឌ្ឍន៍​នានា​ក្នុង​ភូមិ​ធម្មជាតិ​រុនតាឯក ​ដែល​ស្ថិត​ក្រោម​ផែនការ​អភិវឌ្ឍន៍​គម្រោង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។

លោកស្រី ​ភឿង ​សកុណា ​បាន​សម្តែង​អារម្មណ៍​សប្បាយរីករាយ ​ពេល​បំពេញ​ទស្សនកិច្ច​ត្រួតពិនិត្យ​ពី​គម្រោង​អភិវឌ្ឍន៍​ភូមិ​ធម្មជាតិ​រុនតាឯក ​ដោយ​លោកស្រី​បានឃើញ​ការ​រីកចម្រើន​យ៉ាង​ពិតប្រាកដ​លើ​ការងារ​អភិវឌ្ឍន៍​កសិកម្ម​។ ​ជាពិសេស ​លោកស្រី​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា ​ក៏បាន​ចុះទៅ​ពិនិត្យ​ដល់ទី​កន្លែង​នៃ​សកម្មភាព​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​នានា ​ដែល​កំពុង​ដំណើរការ​ក្នុង​ភូមិ​ធម្មជាតិ​រុនតាឯក ​ដូចជា​គម្រោង​អភិវឌ្ឍ​លើ​វិស័យ​កសិកម្ម ​នៃ​មជ្ឈមណ្ឌល​លើកកម្ពស់​កសិកម្ម​ចិន​-​កម្ពុជា ​ហៅ​កាត់​ថា ​CAPROC ​(China​-​Cambodia ​Agriculture ​Promotion ​Center) ​របស់​ចិន ​និង​ការផលិត​ម្សៅ​ម្រុំ ​ដែល​កំពុង​ដំណើរការ​យ៉ាង​ល្អ ​ក្នុង​ភូមិ​អភិវឌ្ឍន៍​មួយ​នេះ​ជាដើម​។ ​ក្នុង​នោះ ​លោកស្រី​ក៏បាន​ផ្តល់​នូវ​អនុសាសន៍​មួយចំនួន ​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ការ​អភិវឌ្ឍ​ភូមិ​គំរូ​នេះ​ទៅ​អនាគត ​សំដៅ​ធ្វើ​យ៉ាងណា​ឲ្យ​ជីវភាព​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​ក្នុង​ភូមិ​រុនតាឯក​ទាំងអស់ ​មាន​ភាពល្អ​ប្រសើរ​។ ​ទន្ទឹម​នោះ​ដែរ ​លោកស្រី​បាន​ចែក​សម្ភារ​សិក្សា​មួយចំនួន​ដល់​សិស្សានុសិស្ស ​និង​សួរសុខទុក្ខ​ដល់​ប្រជាពលរដ្ឋ ​ដែល​កំពុង​រស់នៅ​ក្នុង​ភូមិ​រុនតាឯក​ទាំងមូល​ផង​។

នៅ​រសៀល​ថ្ងៃ​ដដែល​នោះ ​ក្រោយពី​បញ្ចប់​ទស្សនកិច្ច​នៅ​ភូមិ​រុនតាឯក​ហើយ ​លោកស្រី​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា ​ក៏​បន្ត​ចុះ​ត្រួតពិនិត្យ​ទីតាំង​បុរាណ​ដ្ឋាន​មួយចំនួន ​រួមមាន​ប្រាសាទភ្នំបូក ​និង​ប្រាសាទចៅស្រីវិបុល ​ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​អភិរក្ស​នៃ​ប្រាសាទ​ទាំងនោះ ​ក៏ដូចជា​ដំណើរការ​នៃ​ការ​អភិរក្ស​របស់​អាជ្ញាធរ​ជាតិ​អប្សរា​៕