(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែរ ១៦នាក់ទៀតហើយ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួន បន្ទាប់ពីពួកគេបានចូលទៅកាប់ឈើនៅក្នុងប្រទេសថៃ។
ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ពលរដ្ឋខ្មែរទាំង ១៦នាក់នេះ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនពីបទឆ្លងដែន ចូលកាប់ឈើក្រញូង ដោយខុសច្បាប់ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ នៅក្នុងភូមិបាកខាមិន ស្រុកមឿនសាកែវ ខេត្តសាកែវ។
ពលករខ្មែរ១៦នាក់ ត្រូវបានបញ្ចូនទៅប៉ុស្តិ៍នគរបាលប៉ាងស៉ីដា នៃខេត្តសាកែវ ដើម្បីសាកសួរ និងកសាងសំណុំរឿង រួចបញ្ចូនបន្តទៅទាហានឈុតខ្មៅថៃ សាកសួរបន្ថែម ពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធ មុននឹងបញ្ចូនទៅតុលាការតាមនីតិវិធី។
នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ សមត្ថកិច្ចថៃ បានបញ្ចូនពលករខ្មែរ ១៦នាក់ ទៅឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារ ខេត្តសាកែវ។ យោងតាមព័ត៌មានក្រៅផ្លូវការពីអាជ្ញាធរថៃ សំណុំរឿងនេះ អាចមានស្ថានទម្ងន់ទោស ដោយសារពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធខុសច្បាប់។
ក្រោយទទួលបានព័ត៌មានដំណឹងនេះ ស្ថានទូតកម្ពុជាប្រចាំនៅខេត្តសាកែវ បានចាត់មន្រ្តីកុងស៊ុលជួបទំនាក់ទំនង ជាមួយអាជ្ញាធរពាក់ព័ន្ធរបស់ថៃ និងពលករខ្មែរ១៦នាក់ នៅប៉ុស្តិ៍នគរបាលជាតិ ប៉ាងស៊ីដា ស្ថិតនៅក្នុងភូមិបាកខាមិន ស្រុកមឿនសាកែវ ខេត្តសាកែវ។
អគ្គកុងស៊ុលខ្មែរប្រចាំនៅខេត្តសាកែវ បាននិងកំពុងសហការជាមួយអាជ្ញាធរពាក់ព័ន្ធរបស់ថៃ ព្រមទាំងរកមេធាវីថៃ ការពារក្តីឲ្យពលករខ្មែរ ១៦នាក់ ឲ្យឡើងតុលាការជំនុំជម្រះក្តីឲ្យបានក្នុងពេលឆាប់ៗខាងមុខនេះ។
សូមបញ្ជាក់ថា កាលពីដើមខែឧសភា នេះ ពលរដ្ឋខ្មែរជាច្រើននាក់ ក៏ត្រូវបានតុលាការអាជ្ញាធរថៃចាប់ខ្លួនពេលពួកគេលួចឆ្លងដែនទៅកាប់ឈើនៅប្រទេសថៃផងដែរ តែត្រូវបានមន្រ្តីអគ្គកុងស៊ុលខ្មែរជួយអន្តរាគមន៍ឲ្យត្រឡប់មកផ្ទះវិញមួយចំនួនហើយ៕