(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា គ្មានការជំរិតទារប្រាក់រាប់ពាន់ដុល្លារ ជាថ្នូរការតែងតាំងដំឡើងឋានៈ និងតួនាទី ពីថ្នាក់ដឹកនាំក្រសួងនោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះ។
ការប្រកាសជាបន្ទាន់របស់ក្រសួងកសិកម្មនេះ បានធ្វើឡើងក្រោយពីក្រសួងទទួលបានព័ត៌មានថា មានការប្រើឈ្មោះថ្នាក់ដឹកនាំក្រសួង ទៅបង្ខិតបង្ខំមន្រ្តីរាជការមួយចំនួនបង់ប្រាក់រាប់ពាន់ដុល្លារ ជាថ្នូរនឹងការតែងតាំងដំឡើងឋានៈ និងតួនាទី។
ក្រោយការទទួលបានព័ត៌មាននេះ ក្រសួងក៏បានធ្វើការស្រាវជ្រាវជាបន្ទាន់ ដោយរកឃើញថា នេះជាករណីដែលមានជនខិលខូច បានយកឈ្មោះថ្នាក់ដឹកនាំក្រសួង ដើម្បីបោកប្រាស់ ទាញយកផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។
ក្រសួងកសិកម្ម បានប្រកាសច្រានចោលនូវព័ត៌មានមិនពិត និងសូមធ្វើការណែនាំទៅដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ របស់ក្រសួងបន្តយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ហើយប្រសិនបើទទួលបានព័ត៌មានទាក់ទងករណីខាងលើនេះ ត្រូវចាត់វិធានការទប់ស្កាត់ និងប្តឹងទៅអាជ្ញាធរមានសមត្ថកិច្ចឲ្យចាត់វិធានការតាមផ្លូវច្បាប់ជាបន្ទាន់ និងរាយការណ៍មកក្រសួងឲ្យបានឆាប់រហ័ស៕