(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បញ្ជាឲ្យកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ និងសមត្ថកិច្ចខណ្ឌ ត្រូវធ្វើការដកហូតទូហ្គេមបាញ់ត្រី១គ្រឿង រួមជាមួយសម្ភារពាក់ព័ន្ធមួយចំនួន និងឃាត់ខ្លួនអ្នកមើលការខុសត្រូវចំនួន២នាក់ ដើម្បីអប់រំ​ ព្រមទាំងបិតទីតាំងចោលផងដែរ បន្ទាប់ពីស្រាវជ្រាវរកឃើញថា ទីតាំងនេះ បាននិងកំពុងលួចលាក់បើកលេងល្បែងស្ងាត់ៗ។

លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ថា ការឃាត់ខ្លួនសួរនាំចំពោះអ្នកមើលការខុសត្រូវបនល្បែងទាំង២នាក់ ដើម្បីអប់រំ និងដកហូតទូហ្គេមបាញ់ត្រី១គ្រឿង ព្រមទាំងបិតទីតាំងខាងលើនេះចោល ត្រូវបានអនុវត្តភ្លាមៗ ក្រោយលោក ប៉ា សុជាតិវង្ស អភិបាល​រាជធានីភ្នំពេញ បានដឹកនាំមន្ត្រីពាក់ព័ន្ធមួយចំនួន ដើម្បីចុះទៅត្រួតពិនិត្យការដ្ឋានធ្វើផ្លូវ និងឆ្លៀតឱកាសសំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ ហើយក៏បានប្រទះរកឃើញទីតាំង ដែលកំពុងបន្តសកម្មភាពបើកលេងល្បែងហ្គេមបាញ់ត្រី នៅត្រង់ចំណុចផ្ទះជួលមួយកន្លែង ស្ថិតតាមបណ្ដោយផ្លូវរថភ្លើង ក្នុងក្រុមទី៥ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ទើបឈានដល់ការឃាត់ខ្លួនអ្នកមើលការខុសត្រូវ២នាក់ ក្នុងការសួរនាំ ហើយនិងដកហូតទូហ្គេមបាញ់ត្រី១គ្រឿង រួមជាមួយសម្ភារពាក់ព័ន្ធមួយចំនួន ព្រមទាំងបិតទីតាំងចោលផងដែរ។

អភិបាលខណ្ឌបន្ថែមថា ​ក្នុងសកម្មភាពដកហូតទូហ្គេមបាញ់ត្រី១គ្រឿង និងបិតទាំងទីតាំងចោល រួមទាំងឃាត់ខ្លួនអ្នកមើល ការខុសត្រូវចំនួន២នាក់ ដែលបានលបលួចបើកឲ្យមានលេងល្បែងស៊ីសង ប្រភេទហ្គេមបាញ់ត្រីខាងលើនេះ ក៏ព្រោះតែ​ដើម្បីព្រមានដល់អ្នកផ្សេងទៀត ដែលបាននិងកំពុងប្រព្រឹត្តបើកឲ្យមានល្បែងស៊ីសង ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវស្ងាត់ៗ គួរត្រូវបញ្ឈប់ជាបន្ទាន់ ហើយបើក្នុងករណីស៉ើបអង្កេតរកឃើញថា នៅតែមានលួចលាក់បើកឲ្យមានលេងប្រភេទ ល្បែងហ្គេមបាញ់ត្រីនេះទៀត ប្រាកដជា​មានវិធានការតាមផ្លូវច្បាប់មិនខាន។

បើទោះបីយ៉ាងនេះក្ដី អ្នកមើលការខុសត្រូវបនល្បែងទាំង២នាក់ ដែលត្រូវបានឃាត់ខ្លួននូវពុំទាន់ស្គាល់ពីអត្តសញ្ញាណនោះទេ ព្រោះតែកំពុងស្ថិតក្រោមការសាកសួរ នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលសង្កែ ដើម្បីបន្តនីតិវិធីអប់រំ ឲ្យត្រឡប់មកផ្ទះវិញ៕