(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះ គឺជាថ្ងៃទី៥ហើយ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត របស់គណបក្សនយោបាយ ទាំង១២ ដែលបានចុះបញ្ជីនៅ គ.ជ.ប ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោត ជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧នេះ។ សម្រាប់គណបក្សសង្គ្រោះជាតិវិញ នៅឯស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាថ្ងៃនេះសកម្មជនរបស់បក្សនេះចំនួន២២៨នាក់ រស់នៅឃុំភូមិថ្មី បានសម្រេចដើរចេញពីបក្ស ហើយសុំមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាវិញ។
លោក សេរី កុសល សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយ ខេត្តបន្ទាយមានជ័យ និងក្រុមការងារជាច្រើនរូប នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះ បានអញ្ជើញទៅទទួលស្វាគមន៍ក្រុមសកម្មជនទាំងនេះ។
លោកសេរី កុសល បានថ្លែងថា បច្ចុប្បន្ននេះឪពុក ម៉ែ បងប្អូន មានសិទ្ធគ្រប់គ្រាន់ក្នុងផ្តល់សម្លេង សន្លឹកឆ្នោតបក្ស ដែលខ្លួនជ្រើសរើស តែសូមកុំចាញ់បោកសម្លេងឃោសនាសន្យាខ្យល់របស់បក្សប្រឆាំង ការអភិវឌ្ឍន៍តាំងពីបាតដៃទទេ រហូតដល់បច្ចុប្បន្ននេះមានសន្តិភាព ស្ថេរភាព អអភិវឌ្ឍន៍គ្រប់វិស័យ មិនថា ទីជនបទ និងទីក្រុងឡើយ គឺគណបក្សប្រជាជនកម្ពុជា ។
លោកថ្លែងបន្តថា ការអភិវឌ្ឍន៍គ្រប់វិស័យ គឺមានការដឹកនាំប្រទេសដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា តែតែងគិតគូរាល់បញ្ហាទាំងអស់ ទុក្ខព្រួយរបស់ប្រជាពលរដ្ឋ ជាទុក្ខរបស់គណបក្សប្រជាជនកម្ពុជា។
លោកបានបញ្ជាក់បញ្ហាផ្លូវពីស្រុកថ្មពួក ទៅកាន់ទីរួមខេត្តបន្ទាយមានជ័យ មានចំងាយ៥០គីឡូម៉ែត្រ ត្រូវចំណាយពេល វេលាមួយថ្ងៃពេញ តាមរយៈរថយន្ត ទើបដល់គោលដៅ តែក្រោមការរំដោះប្រទេសជាតិកម្ពុជា មានស្ថេរភាពស្ងប់ស្ងាត់ គឺថ្ងៃ៧មករា ឆ្នាំ១៩៧៩ ក្រោមដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ផ្លូវចំងាយ៥០គីឡូម៉ែត្រ បច្ចុប្បន្ននេះចំណាយពេល ត្រឹមតែ១ម៉ោងប៉ុណ្ណោះ ទៅទីរួមខេត្តបន្ទាយមានជ័យតាមរយៈរថយន្ត។ គណបក្សប្រជាជន គឺបំរើប្រជាជនដោយ មិនគិតពីគោលនយោបាយ និន្នាការបក្ខពួកឡើយ។
លោកពូ សាម ម៉ាប់ អាយុ៤១ឆ្នាំ រស់នៅភូមិថ្មីលិច ឃុំភូមិថ្មី ស្រុកថ្មពួក អតីតសកម្មជន CNRP បានថ្លែងថា «ថ្ងៃនេះខ្ញុំ និងសកម្មជន CNRP ចំនួន១២៧នាក់ទៀត សរុប២២៨នាក់ បានដើរចេញពី CNRP ព្រោះបក្សនេះ មិនយកចិត្តទុកដាក់ដល់ មូលដ្ឋានបន្តិចសោះ។ ខ្ញុំកន្លងមកបានគាំទ្រ គណបក្សសង្គ្រោះជាតិប្រមាណជា១០ឆ្នាំ កន្លងមកនេះ តែបក្សសង្គ្រោះជាតិ ពុំដែលឃើញមកអភិវឌ្ឍន៍ភូមិគាត់បន្តិចសោះ សូម្បីតែអណ្តូងទឹក សាលារៀន វត្តអារាម ពុំដែលឃើញបក្សសង្គ្រោះជាតិ រួមកាត់បន្ថយភាពខ្វះខាត់ចំពោះភូមិសោះ»៕