(បាត់ដំបង)៖ ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម សហការជាមួយអគ្គនាយកដ្ឋានកាំកុងត្រូល និងមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះ បានចុះទៅផ្សព្វផ្សាយដល់អាជីវករលក់លោហធាតុ ត្បូងថ្មមានតម្លៃ គ្រឿងអលង្ការ និងវត្ថុអនុស្សាវរីយ៍ នៅតាមផ្សារនានា ក្រុងបាត់ដំបង ដោយប្រាប់ពួកគេកុំឲ្យលក់របស់ក្លែងក្លាយជូនភ្ញៀវ។ ពិធីផ្សព្វផ្សាយនេះ ក៏មានការអញ្ជើញចូលរួមពីមន្រ្តីមន្ទីរទេសចរណ៍ខេត្ត អាជីវករដែលមកពីទីផ្សារនានា ក្នុងក្រុងបាត់ដំបងមានជាង១០០នាក់។
លោកស្រី ផន វន្ថា ប្រធានការិយាល័យគ្រប់គ្រងអាជីវកម្ម នៃមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង បានបញ្ជាក់ថា អាជីវករបានចូលរួមទទួលយក ការផ្សព្វផ្សាយ នេះជាអាជីវករមកពីផ្សារបឹងឈូក ផ្សារអប្សារ៉ា(ផ្សាលើ) ផ្សារ១៣មករា និងផ្សារធំ(ផ្សាណាត់)ជាង១០០នាក់។
លោក មាស គឹមសុខសីហា អគ្គនាយករង នៃអគ្គនាកយកដ្ឋានកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ពីគោលបំណង នៃការផ្សព្វផ្សាយនាថ្ងៃនេះថា យោងតាមការណែនាំពីរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មជាប្រចាំ ពិសេសលោកអគ្គនាយកដ្ឋានកាំកុងត្រូលរួចមក លោក និងមន្រ្តីជំនាញបានចុះធ្វើការ ផ្សព្វផ្សាយ នៅតាមផ្សារតាមបណ្តាខេត្តនានា ក្នុងប្រទេសកន្លងមក បានជាច្រើនលើកមកហើយ។
លោកថា «ជាក់ស្តែងថ្ងៃនេះ ក្រុមការងារយើងបានចុះមកខេត្តបាត់ដំបង ដើម្បីធ្វើការផ្សព្វផ្សាយច្បាប់សេចក្តីណែនាំស្តី ពីយន្តការ និងនីតិវិធីត្រួតពិនិត្យទំនិញ និងគ្រប់គ្រងសកម្មភាពអាជីកម្មលក់ដូរ លោហធាតុត្បូងថ្មមានតម្លៃ ជាគ្រឿងអលង្ការ និងវត្ថុអានុស្សាវរីយ៍ ដាក់លក់នៅលើទីផ្សារ»។
លោក មាស គឹមសុខសីហា បានបន្តថា មុននឹងអនុវត្តច្បាប់ដាក់ទោសទណ្ឌ ដល់រឿងបទល្មើសអ្វីមួយ គឺក្រសួងជំនាញត្រូវការពេលវេលា ដើម្បីផ្សព្វផ្សាយជាមុនសិន ព្រោះទុកពេលឲ្យអាជីវករដែលរកស៊ីលក់ដូរគ្រឿង ដូចបានជម្រាបខាងលើ ឲ្យដឹងពីការសុំច្បាប់ធ្វើអាជីវកម្ម លក់របស់មានស្លាកយីហោត្រឹមត្រូវ មិនមានការក្លែងបន្លំដល់អតិថិជន ពិសេសដល់ភ្ញៀវទេសចរណ៍ជាតិ និងបរទេសក្នុងគោលបំណងរក្សាតម្លៃទាំងផលិត អ្នកលក់ កុំលក់របស់ក្លែងក្លាយឲ្យភ្ញៀវព្រោះវាអាចធ្វើឲ្យប៉ះពាល់ ដល់កិត្តិយសរបស់ជាតិយើង ហើយអាជីវករអាចនឹងប្រឈមទទួលរងជាប់ទោសទណ្ឌ និងផាកពិន័យតាមច្បាប់កំណត់ផងដែរ។
លោកអគ្គនាយករង បានបន្តទៀតថា បន្ទាប់ពីបងប្អូនអាជីវករទាំងអស់ដែល បានចំណាយពេលវេលាដ៏មានតម្លៃ មកស្តាប់នូវការផ្សព្វផ្សាយ ច្បាប់នាពេលនេះហើយ គឺត្រូវគោរពច្បាប់អាជីកម្មរបស់ខ្លួនឲ្យបានសមស្រប កុំក្លែងបន្លំកុហក់ដល់ភ្ញៀវ ជាសវាងឈានទៅដល់ការប្តឹងផ្តល់គ្នា ពីបទក្លែងបន្លំ អាចនឹងមានទោស ហើយយើងជាអាជីវករខ្លួន ត្រូវរក្សាតម្លៃផ្លាកយីហោខ្លួនឲ្យបានល្អផង កុំគិតតែលក់យកប្រាក់ចំណេញ ប្រយោជន៍ផ្ទាល់ខ្លួន ដោយបានគិតពីរឿងរ៉ាវភ្ញៀវមកប្តឹង ទើបដឹងកំហុសជាក្រោយ ហួសពេលទៅហើយ។
លោកបានបញ្ជាក់បន្ថែមថា របស់ដូចជាឧបករណ៍សម្រាប់ផលិតទំនិញក្លែងក្លាយ ក៏ច្បាប់បានហាមមិនឲ្យមានរក្សាទុកក្នុងកន្លែងអាជីវកម្ម កុំថា តែទំនិញដែលបានផលិតសម្រេចរួចហើយ គឺហាមទាំងអស់ ដើម្បីបញ្ជៀសនូវការជាប់ទោសទណ្ឌ បងប្អូនអាជីវករទាំងអស់ បានមកស្តាប់ពីការផ្សព្វផ្សាយច្បាប់នេះ គឺត្រូវយកអនុវត្តឲ្យបានត្រឹមត្រូវ ទើបភ្ញៀវមានការជឿទុកចិត្តបាន៕