(ភ្នំពេញ)៖ ស្របពេលដែលនៅសល់តែ១១ថ្ងៃទៀត នឹងដល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នោះ សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) អំពាវនាវឲ្យអ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានទាំងអស់ ជៀសវាងការបំពេញតួនាទី ដែលរំលោភលើការសម្ងាត់ នៃការបោះឆ្នោត។
បើតាមសេចក្ដីអំពាវនាវរបស់ សសសក ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះ បញ្ជាក់ថា ការអំពាវនាវនេះត្រូវបានធ្វើឡើង បន្ទាប់ពីប៉ុន្មានថ្ងៃកន្លងទៅនេះ អ្នកសារព័ត៌មាន២នាក់ របស់កាសែត «The Cambodia Daily» ឈ្មោះ PETER ZSOMBOR ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិកាណាដា និងម្នាក់ទៀត ឈ្មោះ អូន ខាំភាព ភេទប្រុស ជនជាតិខ្មែរ ត្រូវបានប្រជាជននៅឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ប្ដឹងដោយសារតែអ្នកទាំង២ សួរប្រជាជនថា «បោះឆ្នោតឲ្យគណបក្សណា» ដែលករណីនេះត្រូវបានចាត់ទុកថា រំលោភសិទ្ធិឯកជនខាងនយោបាយ និងជាការរំលោភលើការសម្ងាត់នៃការបោះឆ្នោត។
បន្ថែមពីនេះ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក៏សូមឲ្យអ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានទាំងអស់ បំពេញតួនាទីដ៏ពិសិដ្ឋប្រកដោយវិជ្ជាជីវៈ សីលធម៌ សេចក្ដីថ្លៃថ្នូរ និងស្មោះត្រង់ក្នុងការចូលរួមចំណែកផ្សព្វផ្សាយ «ព័ត៌មានពិត» ដែលមានគុណតម្លៃសម្រាប់ដំណើរការបោះឆ្នោតដោយ «សេរី ត្រឹមត្រូវ និងយុត្តិធម៌» នៅកម្ពុជា៕