(កំពត)៖ នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង នៃកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានប្រាប់ឲ្យនាយ ពលទាហានដែលជាថ្នាក់ដឹកនាំ យោធាចារ្យ និងសិក្ខាកាម ក្នុងកងពលតូចអន្តរាគមន៍លេខ១១ និងក្នុងវគ្គទាំងអស់ ឲ្យខិតខំបំពេញការងារ ពិសេសថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងសិក្ខាកាម ត្រូវយកចិត្តទុកដាក់បង្កើនសកម្មភាពហ្វឹកហ្វឺនជំនាញឲ្យដល់កងទ័ព។
នាយឧត្តមសេនីយ៍បានថ្លែងថា «សិក្ខាកាមត្រូវខិតខំរៀនសូត្រ ដើម្បីពេលបញ្ចប់វគ្គ អស់លោកទៅបំពេញការងារនៅតាមអង្គភាព ខ.ភ.ម អាចយកនូវ ចំណេះដឹងចំណេះធ្វើ ដែលមានទៅបំរើឲ្យបុព្វហេតុការពារជាតិ ការពារបូរណៈភាពទឹកដីកម្ពុជា ការពារច្បាប់រដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោតដោយឆន្ទៈប្រជាជន ការពារព្រះមហាក្សត្រ និងការពារភាពសុខសាន្តជូនប្រជាពលរដ្ឋ ។ ជាមួយគ្នានេះ នាយទាហាន ពលទាហានទាំងអស់ ក៏ត្រូវគោរពឲ្យបាននូវក្រិត្យច្បាប់ ក្រិត្យវិន័យរបស់ ខ.ភ.ម ពិសេសបទបញ្ជារបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួម ពង្រឹងប្រៀបការ ពារជាតិការពារបូរណៈភាពទឹកដីកម្ពុជា ឲ្យកាន់តែរឹងមាំ»។
នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ មាស សុភា អមដំណើដោយនាយទាហានជាន់ខ្ពស់ក្នុង ខ.ភ.ម ជាច្រើនរូប បានអញ្ជើញ ជាអធិបតី ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉ន១ វរសេនាតូចថ្មើរជើង យុទ្ធដំណើទ័ពថ្នាក់កងអនុសេនាធំ ស៊ើបការណ៍ថ្មើរជើង នឹងវគ្គបំប៉នមេបញ្ជាការ ខ គ និងវគ្គបំប៉នជំនាញបញ្ជូនសារប្រចាំឆ្នាំ២០១៧ នៅកងពលតូចអន្តរាគមន៍លេ១១ ស្ថិតក្នុងតំបន់ភ្នំបាក់នឹម ស្រុកជុំគីរី ខេត្តកំពត។
ក្នុងសុន្ទរកថាស្វាគមន៍ និងរបាយការណ៍បើកវគ្គដែលអានដោយលោកឧត្តមសេនីយ៍ទោ ផង់ យ៉ុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១១ បានគូសបញ្ជាក់ថា កងពលតូចអន្តរាគមន៍លេខ១១ ដោយអនុវត្តតាមផែនការហ្វឹកហ្វឺនរបស់អគ្គមេបញ្ជាការនៃ ខ.ភ.ម ពិសេសបទបញ្ជារបស់មេបញ្ជាការ កងទ័ពជើងគោកនៃ ខ.ភ.ម កងពលបានដំណើការបើកវគ្គហ្វឹកហ្វឺន តាមផែនការដែលមាន១ វរសេនាតូចថ្មើរជើងយុទ្អដំណើ១ កងអនុសេនាធំ ស៊ើបការណ៍ មេបញ្ជាការ ខ គ និងជំនាញបញ្ជូនសារ ដោយផ្អែកតាមសំភារៈដែលមានដើម្បីបង្កើនទាំងសមត្ថភាព យល់ដឹងស្ទាត់ជំនាញ ក្នុងការដឹកនាំបញ្ជានឹងប្រយុទ្ធសម្រេចដោយជោគជ័យ ក្នុងគ្រប់ដំណាក់កាលនៃអសន្តិសុខ។ វគ្គនេះមានសិក្ខាកាម ជានាយពលទាហាន ចូលរួមហ្វឹកហ្វឺន ថ្នាក់វរសេនាតូចថ្មើរជើងយុទ្ធដំណើចំនួន២១០ នាក់ក្នុងនោះមានអ្នកបំរើការ១០នាក់ ដោយប្រើរយៈពេលហ្វឹកហ្វឺន២ខែ លើខ្លឹមសារមេរៀន យុទ្ធវិធីថ្មើរជើង បច្ចេកទេសថ្មើរជើង យោធារួម និងអប់រំចិត្តសាស្ត្រ។
លោកថា សំរាប់វគ្គកងអនុសេនាធំស៊ើបការណ៍ មានសិក្ខាកាមសរុប៥៣នាក់ ក្នុងនោះមានអ្នកបំរើការ៣នាក់ មានរយៈពេលហ្វឹកហ្វឺន២ខែ លើខ្លឹមសារមេរៀនយុទ្ធវិធីជំនាញ បច្ចេកទេសជំនាញ យោធារួម និងអប់រំចិត្តសាស្ត្រ។ វគ្គមេបញ្ជាការ ខ គ មានសិក្ខាកាមសរុប៥៣នាក់ ក្នុងនោះមានអ្នកបំរើការ៣នាក់ ហ្វឹកហ្វឺនរយៈពេល៣ខែ លើខ្លឹមសារមេរៀន យុទ្ធវិធីថ្មើរជើង បច្ចេកទេសថ្មើរជើង យោធារួម អប់រំចិត្តសាស្ត្រ។
ដោយឡែកសំរាប់វគ្គបំប៉នជំនាញបញ្ជូនសារ មានសិក្ខាកាមចូលហ្វឹកហ្វឺនចំនួន៣២នាក់ ហ្វឹកហ្វឺនរយៈពេល៣ខែ លើខ្លឹមសារមេរៀន យុទ្ធវិធិជំនាញ បច្ចេកទេសជំនាញ យោធារួម និងអប់រំចិត្តសាស្ត្រ។ ជាមួយនឹងកម្មវិធីបើវគ្គហ្វឹកហ្វឺនរបស់កងពលនេះដែរ នាយឧត្តមសេនីយ៍ មាស សុភា ក៏បានប្រកាសតែងតាំងផ្លាស់ប្តូរមុខងារនាយទហាន ក្នុងកងពលចំនួន៦រូបផងដែរ។
ថ្លែងទៅកាន់សិក្ខាកាម ជានាយពលទាហានក្នុងវគ្គនាពេលនោះ នាយឧត្តមសេនីយ៍ មាស សុភា ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃ ខ.ភ.ម ពិសេសកងទ័ពជើងគោក បានសំដែងនូវការលើកសរសើរ និងវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំបំពេញការងាររបស់ថ្នាក់ដឹកនាំកងពល និងនាយ ពលទាហានទាំងអស់ ក្នុងកងពលតូចអន្តរាគមន៍លេខ១១ ដែលរហូតមកបានសហការគ្នាយ៉ាងល្អ ក្នុងការរៀបចំឲ្យមានកម្មវិធីសក្សា នឹងកិច្ចដំណើនូវវគ្គហ្វឹកហ្វឺនជាច្រើន សំដៅពង្រឹងពង្រីកសមត្ថភាពកងទ័ពរបស់យើងឲ្យកាន់តែមានគុណភាព សមត្ថភាព ដែលអាចពង្រឹងប្រៀបការពារជាតិ ការពារអធិបតេយ្យ បូរណៈភាពទឹកដីកម្ពុជាឲ្យកាន់តែរឹងមាំ។
នាយឧត្តមសេនីយ៍ មាស សុភា ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខ និងក្តីនឹករលឹកប្រកបដោយមនោសញ្ចេតនា ជ្រាលជ្រៅពីសំណាក់ថ្នាក់ដឹកនាំ ខ.ភ.ម ផ្ញើរជូនចំពោះនាយពលទាហាន យោធាចារ្យនិងសិក្ខាកាមទាំងអស់ក្នុងឱកាសនេះផងដែរ។
នាយឧត្តមសេនីយ៍ មាស សុភា បានបញ្ជាក់ថា «ការងារហ្វឹកហ្វឺនគឺជាប្រការចាំបាច់បំផុតតម្រូវឲ្យ ខ.ភ.ម នៅគ្រប់កងឯកភាពត្រូវតែមានការហ្វឹកហ្វឺន ឲ្យបានជាប់ជាប្រចាំឲ្យដល់កងទ័ពលើគ្រប់ជំនាញ ទាំងជំនាញយោធា ចំណេះដឹងទូរទៅ ភាសាបរទេស និងជំនាញឯកទេសផ្សេងៗ ដើម្បី ខ.ភ.ម មានគ្រប់លទ្ធភាព ក្នុងការចូលរួមពង្រឹងប្រៀបការពារជាតិ ការពារអធិបតេយ្យបូរណៈភាពទឹកដីកម្ពុជា កាន់តែរឹងមាំរីកចម្រើន»។
ជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍ បានលើកយកនូវព្រឹត្តិការណ៍ជាតិ អន្តរជាតិថ្មីៗ មកជំរាបជូនដល់នាយពលទាហាន បានយល់កាន់តែច្បាស់អំពីសភាពការណ៍ ដែលកើតមានឡើងក្នុង និងក្រៅប្រទេសពិសេសព្រឹត្តិការដែលកើតមានឡើងនៅកម្ពុជានាពេលថ្មីៗនេះ។
នាយឧត្តមសេនីយ៍ មាស សុភា បានប្រកាសបើកវគ្គហ្វឹកហ្វឺនបំប៉នទាំង៤ជំនាញ ចាប់ពីពេលនេះតទៅ ព្រមទាំងបានផ្ដល់ជូនវគ្គនូវថវិកា របស់កងទ័ពជើងគោក ចំនួន៥លានរៀលនិងអាវភ្លៀងរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីជូនដល់កងពលផងដែរ៕