(ភ្នំពេញ)៖ ស្ត្រីវ័យជាង៣០ឆ្នាំម្នាក់ ដែលមានទាំងប្ដី មានទាំងកូនទៅទៀតបានលួចបង្កើតអាកខោនហ្វេសប៊ុក ដាក់ឈ្មោះក្លែងក្លាយ និងយករូបថត ស្ត្រីផ្សេងដែលមានរូបសម្ផស្សស្រស់ស្អាត មកដាក់រួចហើយយកទៅទាក់ទង ជាមួយអនិកជនខ្មែររស់នៅប្រទេសញ៉ូហ្សឺឡែន វ័យចំណាស់ម្នាក់រហូតដល់លុងស្នេហ៍ លើនាងដោយលទ្ធផលចុងក្រោយ បានចាញ់បោកអស់ប្រាក់ ២៧ម៉ឺនដុល្លារញ៉ូហ្សឺឡែន ស្មើរជិត២០ម៉ឺនដុល្លារអាមេរិក។
មន្ត្រីនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃមួយរូប បានបង្ហើបអោយដឹងថាការឃាត់ខ្លួនស្ត្រីខាងលើ ធ្វើឡើងកាលពីវេលា ម៉ោង៧និង៤៥នាទី យប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ម្សិលមិញនេះ និងបន្ទាប់ពីទទួលបានពាក្យបណ្ដឹង របស់ជនរងគ្រោះ និងយោងតាមបញ្ជារបស់ លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញរួចមក។
ជនសង្ស័យដែលត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌឃាត់ខ្លួននេះ ត្រូវបានគេស្គាល់ ឈ្មោះជិន សោភា ហៅជិន ស្រីដេត អាយុ៣៣ឆ្នាំ រស់នៅភូមិទួលសាម៉ សង្កាត់កំបូល ខណ្ឌពោធ៌សែនជ័យ រាជធានីភ្នំពេញ ជាស្ត្រីកំពុងមានប្ដី និងមានកូននៅក្នុងបន្ទុកបីបួននាក់ទៀតផង។ ចំណែកជនរងគ្រោះត្រូវបានគេស្គាល់ ឈ្មោះ អ៊ា មឿន ជាអនិកជនវ័យចំណាស់មួយរូប រស់នៅប្រទេសញ៉ូហ្សឺឡែន។
តាមការរៀបរាប់ពីជនរងគ្រោះ បានបង្ហើបអោយដឹងថា កាលពីខែមិថុនា ឆ្នាំ២០១៣ ស្ត្រីឆបោកខាងលើបានទូរស័ព្ឌច្រឡំ លេខចូលទៅទូរស័ព្ឌ របស់លោក ហើយក៏មានការទំនាក់ទំនងស្គាល់គ្នា រហូតមក។ ក្នុងនោះស្ត្រីខាងលើក៏បានប្រាប់អោយដឹង ពីអាកខោនហ្វេសប៊ុករបស់នាងដែល ដាក់ឈ្មោះក្លែងក្លាយ ហើយយករូបថតស្ត្រីវ័យក្មេង ដែលមានរូបសម្ផស្ស ស្រស់ស្អាតម្នាក់ដែលម្ចាស់រូបនេះ មានប្ដីនិងមានកូនរស់នៅខេត្តបាត់ ដំបងថាជារូបរបស់នាង ធ្វើអោយបុរសអនិកជនលុងស្នេហ៍ រហូតមានទំនាក់ទំនងគ្នា យ៉ាងស៊ីជំរៅដោយបុរសអនិកជន តាំងចិត្តចូលស្តីដណ្ដឹង រៀបការតាមប្រពៃណីទៀតផង។
ក្រោយពីមានទំនាក់ទំនងគ្នាតាមទូរស័ព្ឌ និងតាមហ្វេសប៊ុក មកបុរសខាងលើឧស្សាហ៏ផ្ញើលុយអោយចាយ ហើយស្ត្រីរូបនេះដែលតាំងខ្លួនជាស្រីក្រមុំ ប្រាប់ទៅបុរសអនិកជនខាងលើ ដោយធ្វើការត្អូញត្អែរខ្វះនេះ ខ្វះនោះ ដូចជាខ្វះលុយធ្វើផ្ទះអោយបានសមរម្យ ដើម្បីរៀបចំពិធីមង្គលការ អោយពេញមុខពេញមាត់ជាដើម រហូតដល់បុរសអនិកជន ផ្ញើកាតអេធីអឹមនិងប្រាប់លេខកូដកាតរបស់ខ្លួន អោយមកនាងសំរាប់ទុក បើកលុយយកទៅប្រើប្រាស់តាមចិត្តចង់អស់ ២៧ម៉ឺនដុល្លារញ៉ូហ្សឺឡែន។
ប៉ុន្តែនៅពេលដែលបុរសអនិកជនមកលេង ស្រុកខ្មែរដើម្បីបានជួបមុខគូកំណាន់ចិត្ត បែរជានាងរួមទាំងម្ដាយផងដែរ តែងកុហកថា នាងមានការសំខាន់ចេញទៅក្រៅប្រទេសបាត់ទៅហើយ ហើយស្ត្រីខាងលើដែលចេញមុខមកជួប បែរជាប្រាប់ថាត្រូវជាបងស្រីរបស់នាងទៅវិញ។ ដោយមានការសង្ស័យ បុរសអនិកជនបានធ្វើការស្រាវ ជ្រាវតាមរយៈរូបថត នៅក្នុងហ្វេសប៊ុករហូតដល់ដឹងការពិតថា តាមពិតម្ចាស់រូបថតក្នុងហ្វេសប៊ុកនោះជាស្ត្រីម្នាក់មានប្ដី មានកូនរស់នៅខេត្តបាត់ដំបង ឯណោះដោយម្ចាស់រូបមិនបានដឹងរឿងនោះទេ។
ក្រោយបែករឿង បុរសអនិកជនក៏បានព្យាយាមទាក់ទង ទៅស្ត្រីខាងលើដើម្បីដោះស្រាយគ្នា តែរូបនាងមិនត្រឹមតែ មិនទទួលខុសត្រូវប៉ុណ្ណោះទេគឺថែមទាំងចង់រកប្ដឹងបុរសអនិកជន ពីបទបរិហារកេរថែមទៀតផង។
ចុងក្រោយបុរសអនិកជនបានប្រមូលភស្តុតាងគ្រប់គ្រាន់ ដាក់ពាក្យបណ្ដឹងទៅកាន់នគរបាល ក្រសួងមហាផ្ទៃកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧កន្លងទៅនេះ រហូតដល់សមត្ថកិច្ចបើកការស៊ើបអង្កេត ឈានទៅដល់ឃាត់ ខ្លួនតាមបញ្ជាព្រះរាជអាជ្ញាតែម្ដងទៅ។
យោងតាមចំលើយសារភាព នៅចំពោះមុខសមត្ថកិច្ចនារីឈ្មោះ ជិន សោភា បានអះអាងថាខ្លួនពិតជា បានយករូបអ្នកដ៏ទៃមកក្លែងបន្លំផ្ញើសារ ទៅអោយបុរសអនិកជនខាងលើថា ដើម្បីអោយជឿជាក់ថា ជារូបខ្លួនដើម្បីបោកបញ្ឆោតយកប្រាក់ប្រាកដមែន តាមរយៈការដកប្រាក់ពីអេធីអឹមវីសា កាតដែលបុរសអនិកជន ខាងលើផ្ញើមកអោយ។ បច្ចុប្បន្ន ស្រីខាងលើ សមត្ថកិច្ចព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃបានកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការអនុវត្តតាមច្បាប់៕
ស្ត្រី ជិន សោភា ហៅ ជិន ស្រីដេត