(ភ្នំពេញ)៖ ដោយមានការអញ្ជើញពីនាយកសាលាភូមិន្ទរដ្ឋបាល នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះ លោក ឈាង វុន សមាជិក គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា និងជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានធ្វើបទបង្ហាញពីបដិវត្តពណ៌ និងវិនាសកម្មនៃសង្រ្គាម ដល់សិស្សដែល ជាមន្រ្តីក្រមការកំពុង សិក្សានៅសាលា ភូមិន្ទរដ្ឋបាល។
ក្នុងបទបង្ហាញពេញមួយព្រឹកនោះ លោក ឈាង វុន បានលើកឡើងថា ជាទូទៅទម្រង់បដិវត្តពណ៌មាន ១២ដំណាក់កាល។ បដិវត្តពណ៌ បានបង្កើតឡើងដោយប្រទេសមហាអំណាច ប្រឆំាងទៅលើរដ្ឋាភិបាលប្រទេសណាមួយ ដែលមិនស្តាប់បញ្ជារបស់ខ្លួន។
លោកបានបន្តថាក្រុមបដិវត្តពណ៌នេះ បានប្រើប្រាស់អង្គការក្រៅរដ្ឋាភិបាលផ្លូវការ ជនតំាងខ្លួនជាអ្នកវិភាគឯករាជ្យ យុវជន និស្សិត បង្កើតវោហាសព្ទ វាយប្រហាររដ្ឋាភិបាល ក្រោមលេសថា រដ្ឋាភិបាលនោះផ្តាច់ការ រំលោភសិទ្ធិមនុស្ស ឬគ្មានលទ្ធិប្រជាធិបតេយ្យ ជាដើម។ ជាមួយគ្នានេះ ពួកគេក៏បង្កើតជាចលនាបាតុកម្មទាមទារតាមដងផ្លូវ ដោយប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយបរទេស ដើម្បីឲ្យពលរដ្ឋ អ្នកនយោបាយបរទេស ដែលមិនយល់សភាពការណ៍ ជាក់ស្តែងនៅក្នុងប្រទេសនោះយល់ច្រលំ ហើយគិតថា នោះជាបញ្ហាពិតប្រាកដ។
លោក ឈាង វុន បានគូសបញ្ជាក់ថា បដិវត្តពណ៌ គឺជាចលនាដែលធ្វើសកម្មភាពបំភិតបំភ័យពលរដ្ឋ ធ្វើឲ្យពលរដ្ឋបាត់ជំនឿលើ រដ្ឋាភិបាល ហើយដើរតាមឧបាយកលរបស់ពួកគេ។ ប្រសិនជាការឃោសនា បំភ័ន្តបំភ័យមិនបានសម្រេច ពួកគេនឹងស្នើសុំអន្តរាគមន៍ យោធា ដើម្បីវាយប្រហារប្រទេសដែលមិនស្តាប់បញ្ជារបស់ខ្លួនតែម្តង នៅចុងបញ្ចប់ប្រទេសនោះ នឹងធ្លាក់ក្នុងភ្លើងសង្រ្គាម។
ប្រធានគណៈកម្មការជំនាញរដ្ឋសភា បានលើកឡើងថា ជាទម្លាប់របស់ក្រុមក្រោយឆាកនេះ ច្រើនប្រើប្រាស់ឱកាសនៅ ក្នុងប្រទេស ណាមួយ ដែលរៀបចំការបោះឆ្នោត។ គឺពួកគេធ្វើសកម្មភាពនៅមុនពេលបោះឆ្នោត ពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោត តាមរូបភាពនៃការលើកឡើងគ្មានការពិត ភាពមិនប្រក្រតីនៃការបោះឆ្នោតជាដើម។
លោកបានជំរុញ និងលើកទឹកចិត្តដល់មន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ចូលរួមការពារថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ ដែលកម្ពុជាកំពុងមាន ដើម្បីកុំឲ្យទឹកដីអង្គរនេះ ធ្លាក់ចូលក្នុងការប្រើប្រាស់ជាឧបករណ៍បដិវត្តពណ៌ កើតជាភ្លើងសង្រ្គាមតាមមហិច្ឆតា របស់មហាអំណាច និងក្រុមណាមួយឲ្យសោះ។
នៅក្នុងបទបង្ហាញនេះ លោកក៏បានលើកឡើងនូវឧទាហរណ៍ខ្លះ នៅតាមប្រទេសមួយចំនួន ដែលពលរដ្ឋកំពុងរងទុក្ខវេទនា ព្រាត់ប្រាស់ គ្រួសារ ប្រទេសជាតិខ្ទេចខ្ទី ដោយភ្លើងសង្រ្គាមបដិវត្តពណ៌ ដូចជានៅតំបន់មជ្ឈិមបូព៌ា មានប្រទេសលីប៊ី ស៊ីរី ក៏ដូចជាកម្ពុជាក្នុងឆ្នាំ១៩៧០ ជាដើម។
លោក យក់ ប៊ុណ្ណា នាយកសាលារភូមិន្ទរដ្ឋបាល បានថ្លែងអំណរគុណចំពោះលោក ឈាង វុន ដែលបានចែករំលែកលទ្ធផល នៃការសិក្សា ស្រាវជ្រាវ ដល់សិក្ខាកាមដែលជាមន្រ្តីរាជការ តាមក្រសួង ស្ថាប័ននានា ព្រមទំាងនិស្សិតផង បានឈ្វេងយល់ ពីបដិវត្តពណ៌ពិសេស គុណវិបត្តិនៃសង្រ្គាម ដែលបណ្តាលមកពីបដិវត្តនេះ។
លោកនាយកសាលាភូមិន្ទរដ្ឋបាល បានចាត់ទុកថា បទបង្ហាញពេលនេះ ជាចំណេះដឹងទូទៅ ដែលមានសារសំខាន់ ណាស់សម្រាប់ មន្រ្តីរាជការ សិស្ស និស្សិត ពិសេសយុវជនទូទៅត្រូវដឹង ដើម្បីចូលរួមចំណែកការពារថែរក្សាសុខសន្តិភាព ដែលកម្ពុជាកំពុងមាន ក៏ដូចជាតំបន់ និងសកលលោកផងនោះ៕