(ភ្នំពេញ)៖ សមាជិកនៃសមាគមអតីតសិក្ខាកាមបណ្ឌិត្យសភា FBI ប្រមាណ ២០០នាក់ មកពីបណ្តាប្រទេសនានាជុំវិញពិភពលោក នឹងជួបប្រជុំប្រចាំឆ្នាំនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ដើម្បីធ្វើការផ្លាស់ប្ដូរបទពិសោធន៍ការងារគ្នា ទៅវិញទៅមក។ នេះបើតាមការឲ្យដឹងពីនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់បណ្ដាញសារព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានថ្លែងយ៉ាងដូច្នេះថា «ជារៀងរាល់ឆ្នាំសាខារបស់អតីតសិក្ខាកាម ដែលធ្លាប់បានទៅរៀនសូត្រនៅ បណ្ឌិត្យសភា FBI គេប្រជុំប្រចាំឆ្នាំដើម្បីធ្វើការផ្លាស់ប្ដូរបទពិសោធន៍គ្នា ដើម្បីរឹមចំណងសាមគ្គីភាព ដែលកន្លងមកធ្លាប់តែទៅប្រជុំ នៅប្រទេសគេ ប៉ុន្ដែឆ្នាំនេះមកប្រជុំនៅកម្ពុជាម្ដង»។
បើតាមនាយឧត្តមសេនីយ៍ មូលហេតុដែលមកប្រជុំនៅកម្ពុជានេះ ព្រោះថាកម្ពុជាធ្លាប់បានបញ្ជូនមន្ដ្រីនគរបាលទៅរៀននៅបណ្ឌិត្យសភា FBI នេះដែរ ក្រោយពេលរៀនក៏បានចូលជា សមាគមអតីតសិក្ខាកាមបណ្ឌិត្យសភា FBI ហើយការប្រជុំនេះ គឺធ្វើឡើងជារៀងរាល់ឆ្នាំ នៅតាមបណ្ដាប្រទេស ដែលជាសមាជិក។
អ្នកនាំពាក្យរូបនេះ បន្ថែមថា កន្លងមកកម្ពុជា បានបញ្ជូនមន្ដ្រីនគរបាល និងមន្ដ្រីកងរាជអាវុធហត្ថចំនួន១០ ឲ្យទៅសិក្សានៅបណ្ឌិត្យសភា FBI ហើយខណៈពេលនេះមន្ដ្រីរបស់កម្ពុជាទាំង ១០នាក់នោះ កំពុងស្ថិតវគ្គសិក្សានេះនៅឡើយ៕