(កណ្ដាល)៖ ឪពុកជាកម្មករសំណង់ម្នាក់ បានស្រស់ទឹកភ្នែកសំពះអង្វរសុំឲ្យកញ្ញា អ៊ី ម៉ាណូកា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល ដោះលែងកូនប្រុស ដែលលោកអះអាងថា មានជំងឺវិកលចរិត។ លោកភ័យខ្លាចថា កូនប្រុសអាចស្លាប់ក្នុងពន្ធនាគារ ប្រសិនបើពុំមានការព្យាបាលត្រឹមត្រូវទេនោះ។
លោក ហៀច ណាវ អាយុ៤៤ឆ្នាំ មានទីលំនៅភូមិពេជ្ជនា ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត ហើយមកធ្វើការសំណង់នៅកោះពេជ្រ រៀបរាប់ទាំងទឹកភ្នែកថា កូនប្រុសឈ្មោះ ម៉េង ខ្លូត អាយុ២២ឆ្នាំ មានជំងឺនេះជាង៣ឆ្នាំហើយ។ កូនប្រុស ត្រូវបានសមត្ថកិច្ចស្រុកខ្សាច់កណ្ដាល ឃាត់ខ្លួនពាក់ព័ន្ធបទល្មើសលួចម៉ូតូ ហើយត្រូវបានឃុំខ្លួនដាក់ពន្ធនាគារកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧។
លោកបន្តថា បច្ចុប្បន្នកូនប្រុសមានអាការៈធ្វើទុក្ខខ្លាំង ហើយលោកបារម្ភខ្លាចកូនអាចស្លាប់ក្នុងពន្ធនាគារ។ លោកសុំយ៉ាងទទូចសុំឲ្យតុលាការដោះលែងកូនប្រុសផង។
យោងតាមវិញ្ញាបនបត្រសុខភាព ចេញដោយលោកវេជ្ជបណ្ឌិត គឹម ចាន់ថន គ្រូពេទ្យព្យាបាលបម្រើការ នៅមន្ទីរសម្រាកព្យាបាលផ្លូវចិត្ត សាន់រ៉ាយ កាលពីថ្ងៃទី១ ខែឧសភា បញ្ជាក់ថា ឈ្មោះ ម៉េង ខ្លូត ភេទប្រុស កើតថ្ងៃទី០៩ ខែមីនា ឆ្នាំ១៩៩៤ មានជំងឺវិកលចរិត បានទទួលការព្យាបាលចាប់ពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៥ និងកំពុងបន្តការព្យាបាល។ លោកបន្តថា រសៀលមកទល់ពេលនេះ តុលាការពុំទាន់សម្រេចបែបណានៅឡើយទេ ក្រោយការសុំដោះលែងជាច្រើនលើកច្រើនសារ។
ពាក់ព័ន្ធបញ្ហានេះ នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះ ភ្នាក់ងារ Fresh News ពុំទាន់អាចទំនាក់ទំនងសុំការបញ្ជាក់ពីកញ្ញា អ៊ី ម៉ាណូកា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល បាននៅឡើយទេ ព្រោះទូរស័ព្ទចូលគ្មានអ្នកទទួល៕