(ហ្វីលីពិន)៖ កិច្ចប្រជុំក្រៅផ្លូវការនៃបណ្តាមេដឹកនាំ កងទ័ពអាស៊ានលើកទី១៤ រយៈពេល ៥ថ្ងៃ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន បានបិទបញ្ចប់ហើយ ជាមួយនិងការទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទតំណាងនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនោះបានឲ្យដឹងថា កិច្ចប្រជុំក្រៅផ្លូវការ អគ្គមេបញ្ជាការកងទ័ពអាស៊ាន គឺជាវេទិការដ៏សំខាន់សម្រាប់អគ្គមេបញ្ជាការកងទ័ពអាស៊ានទាំងអស់ផ្លាស់ប្តូរទស្សនៈ ចែករំលែកកសាងទំនុកចិត្តពង្រឹងទំនាក់ទំនង មិត្តភាពនិងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព នៅក្នុងការឆ្លើយតប ទៅនឹងការប្រឈមសន្តិសុខមិនប្រពៃណីនិងសន្តិសុខ ប្រពៃណីដែលមានការពាក់ព័ន្ធកន្លងមក។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្តថា ក្រោមទិសស្លោក «អគ្គមេបញ្ជាការកងទ័ពអាស៊ាន៖ ការធ្វើជាដៃគូរ ដើម្បីផ្លាស់ប្តូរ និង ការសហការជាមួយពិភពលោក» កិច្ចប្រជុំបានសម្រេចនូវលទ្ធផលសំខាន់ៗមួយចំនួន៖ ១- ការលុបពាក្យក្រៅផ្លូវការ ២- ផែនការ សកម្មភាពយោធាអាស៊ានរយៈពេល ២ឆ្នាំ (២០១៧ - ២០១៩) ៣- ឯកភាពលើរបាយការណ៏ប្រជុំ AMOIM លើកទី៧ និង AMIIM លើកទី១៤ ៤- ផ្ទេរតំណែងប្រធានអង្គប្រជុំ ACDFIM លើកទី១៥ AMOIM លើកទី៨ AMIIM លើកទី១៥ ទៅប្រទេសសឹង្ហបូរីធ្វើជាម្ចាស់ផ្ទះ ឆ្នាំ២០១៥ និង ៥- បញ្ជូនសេចក្តីថ្លែងការរួមទៅកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ាន (ADMM) ដើម្បីសម្រេច។
ក្រៅពីកិច្ចប្រជុំក្រៅផ្លូវការអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី ១៤នេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានជួបប្រជុំទ្វេរភាគីជាមួយ អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន និងអគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ា ដែលក្នុងកិច្ចពិភាក្សានាឱកាសនោះ ទាំងអគ្គមេបញ្ជាការកងទ័ព ហ្វីលីពីន និង អគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ា បានស្នើឲ្យកម្ពុជាជួយចែករំលែកបទពិសោធន៍នៃយុទ្ធសាស្រ្តនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ផងដែរ៕