(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សារវាងលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាមួយប្រតិភូការិយាល័យ កម្មសិទ្ធិបញ្ញានៃប្រទេសចិន (SIPO) ដឹកនាំដោយលោកស្រី Wang Xiaoyun អគ្គនាយករង បានផ្តោតការយកចិត្តតុកដាក់ ទៅលើក្របខណ្ឌបច្ចេកទេស ដើម្បីបើកផ្លូវឲ្យក្រុមការងារ នៃភាគីទាំងពីរពិភាក្សាគ្នាផ្លាស់ប្តូរយោបល់ ហើយឈានទៅចុះអនុស្សារណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យប្រកាសនីយបត្រតក្កកម្ម (Patent) រវាងកម្ពុជា-ចិន នាពេលខាងមុខឆាប់ៗនេះ។
បន្ទាប់ពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលរយៈពេលបន្តបន្ទាប់មកនេះ បានចុះហត្ថលេខារួចហើយ ជាមួយប្រទេសសឹង្ហបុរី ជប៉ុន និងសហគមន៍អឺរ៉ុប ស្តីពីការទទួលស្គាល់សុពលភាព ប្រកាសនីយបត្រតក្កកម្ម ក្នុងចំណោម ប្រទេសហត្ថលេខីទាំងនេះ ជាមួយកម្ពុជា ។
សូមបញ្ជាក់ថា ក្រោមការដឹកនាំរបស់លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងអាណត្តទី ៥ នេះ វិស័យប្រកាសនីយបត្រតក្កកម្ម មានការរីកចម្រើន និងមានកិច្ចសហការយ៉ាងទូលំទូលាយ ជាមួយដៃគូបរទេស ដែលមានបទពិសោធន៍ និងជំនាញ ហើយនៅពេលកន្លងទៅថ្មីៗនេះ កម្ពុជាបានចូលជាសមាជិក សន្ធិសញ្ញាសហប្រតិបត្តិការប្រកាសនីយ បត្រតក្កកម្ម (PTC) កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦ ដែលកម្ពុជាបានក្លាយជាប្រទេសទី១៥១ នៃសមាជិកសន្ធិសញ្ញានេះ និងបានចូលជាសមាជិកកិច្ច ព្រមព្រៀងទីក្រុងហេច ទាក់ទងនឹងការចុះបញ្ជីគំនូរឧស្សាហកម្មជាអន្តរជាតិ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ហើយបានក្លាយជាសមាជិកទី៦៦ នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០១៧ កន្លងទៅ៕