Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តព្រះវិហារ ប្រកា​សចាត់វិធានការតាមច្បាប់ ចំពោះសកម្មជនបក្សប្រឆាំង ដែលឃោសនាថា «បើបោះឆ្នោតឲ្យខ្លួន នឹងចែកដីជូន»

24-05-2017 15:45

(ព្រះវិហារ)៖ អភិបាលខេត្ត និងប្រធានគណបក្សប្រជាជនកម្ពុជា​ ខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា បានប្រកាសចាត់វិធានការតាមច្បាប់ទៅលើ សកម្មជនគណបក្សប្រឆាំង ដែលឃោសនាប្រាប់ប្រជាពលរដ្ឋថា «បើបោះឆ្នោតឲ្យពួកគេ នោះពួកគេនឹងចែកដីជូន»។ លោកថា អ្នកដែលមានសិទ្ធិចែកដី ជូនប្រជាពលរដ្ឋនោះ មានតែអាជ្ញាធររបស់រាជរដ្ឋាភិបាលតែប៉ុណ្ណោះ។

លោកបានប្រកាសបែបនេះ បានធ្វើឡើងពេលជួបសំណេះសំណាលជាមួយសមាជិកគាំទ្រ គណបក្សប្រជាជនកម្ពុជា នៅឃុំត្បែងមួយ ស្រុកសង្គមថ្មី នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះ។

លោក អ៊ុន ចាន់ដា បានលើកឡើងថា «នៅក្នុងខេត្តព្រះវិហារយើងនេះ មានបេក្ខជនក្រុមប្រឹក្សាឃុំមួយចំនួន របស់គណបក្សប្រឆាំង បានដើរឃោសនាបោកប្រាស់ ប្រជាពលរដ្ឋថា បើបោះឆ្នោតឲ្យគណបក្សខ្លួន គេនិងចែកដីឲ្យ។ គ្មានគណបក្សនយោបាយណា មានសិទ្ធចែកដីធ្លីជូនប្រជាពលរដ្ឋទេ អ្នកដែលមានសិទ្ធ ចែកដីជូនប្រជាពលរដ្ឋមាន តែអាជ្ញាធរដែនដី តែមួយប៉ុណ្ណោះ ដូច្នេះការលើកឡើងរបស់ សកម្មជនបក្សប្រឆាំង សូមបងប្អូនប្រជាពលរដ្ឋកុំជឿឲ្យសោះ។ បើបងប្អូនឭសកម្មជនបក្សប្រឆាំង ដើរឃោសនាបែបនេះ សូមរាយការណ៍មកសមត្ថកិច្ច ដើម្បីចាត់ការតាមច្បាប់»។

លោក អ៊ុន ចាន់ដា បានធ្វើការដាស់តឿន ឲ្យសកម្មជនគណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលបានចុះឈ្មោះបោះឆ្នោតរួច សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ៕