(ឧត្តរមានជ័យ)៖ ផ្ទះដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានប្រគល់ជូនអតីតយុទ្ធជនកម្ពុជាម្នាក់ នៅក្នុងភូមិស្រែល្អ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះ។
ផ្ទះមួយខ្នងទំហំ ៥ម៉ែត្រ គុណ ៦ម៉ែត្រនេះ ត្រូវបាននាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីត យុទ្ធជនអញ្ជើញ ប្រគល់ជូនលោក មាស ភោគ ដោយផ្ទាល់ដៃ។ ជាមួយនិងការប្រគល់ផ្ទះនេះ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានផ្តល់អំណោយជាថវិកា ១០ម៉ឺនរៀល អង្ករ ២២គីឡូក្រាម និងគ្រឿងឧបភោគ បរិភោគមួយចំនួនសម្រាប់លោក មាស ភោគ យកទៅដោះស្រាយជីវភាព ប្រចាំថ្ងៃផងដែរ។
លោក មាស ភោគ បានបង្ហាញក្តីរីករាយខ្លាំង ហើយក៏ថ្លែងអំណរគុណជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ ផ្ទះជូនគាត់ ដើម្បីឲ្យការរស់នៅទទួលបានភាពកក់ក្តៅ និងល្អប្រសើរឡើង៕