(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគាំទ្រ និងសូមស្វាគមន៍ការលើកឡើងរបស់លោក Naveen Srivasta ឯកអគ្គរដ្ឋទូតឥណ្ឌាថា កម្ពុជាគឺជាគោលដៅទេសចរណ៍ បែបអាពារហ៍ពិពារហ៍ (Wedding Tourist Destination) និងកិច្ចប្រជុំអន្តរជាតិ (MICE Destination) នៅសៀមរាប-អង្គរ និងនៅភ្នំពេញ។

លោក Naveen Srivasta បានថ្លែងនៅក្នុងឱកាសចូលជួបជម្រាបលា លោក ថោង ខុន នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ ដោយស្នើឱ្យលោករដ្ឋមន្ត្រី បន្តជំរុញការផ្សព្វផ្សាយទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សារឥណ្ឌា ពិសេសនៅ Mombay និងនៅ New Delhy ដើម្បីទាក់ទាញទេសចរឥណ្ឌា ជាពិសេសទេសចរកម្រិតខ្ពស់ ដែលនិយមចូលចិត្តរៀបអាពារហ៍ពិពារហ៍នៅក្រៅប្រទេស។

លោកឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា តំបន់សៀមរាប-អង្គរ គឺជាគោលដៅសម្រាប់ទេសចរណ៍បែបអាពារហ៍ពិពារហ៍ សម្រាប់ជនជាតិឥណ្ឌាដ៏ទាក់ទាញ ដោយផ្សារភ្ជាប់ទៅនឹងវប្បធម៌ ទំនៀមទម្លាប់ប្រពៃណី ប្រហាក់ប្រហែលគ្នា ដែលនឹងនាំមកជាមួយនូវក្រុមគ្រួសារសាច់ញាតិ មិត្តភ័ក្តិ និងភ្ញៀវចូលរួមយ៉ាងច្រើន ហើយពួកគេអាចតភ្ជាប់ទៅតំបន់ឆ្នេរខេត្តព្រះសីហនុ សម្រាប់រាត្រីក្រេបច័ន្ទទឹកឃ្មុំ (Honey Moon)។

ព្រមជាមួយនេះ លោកក៍បានស្វាគមន៍គំនិតលើកឡើងថាកម្ពុជា ក៏ជាគោលដៅទេសចរណ៏ សម្រាប់សន្និសីទកម្រិតអន្តរជាតិ (MICE-Meeting Incentive Exhibition Convention) ផងដែរ ដែលស្របបច្ចុប្បន្ននេះ អាស៊ានកំពុងជំរុញអនុវត្តស្តង់ដារ MICE អាស៊ាន។ សៀមរាប ភ្នំពេញ និងក្រុងព្រះសីហនុ គឺជាគោលដៅទេសចរណ៍ដ៏ល្អ សម្រាប់សន្និសីទអន្តរជាតិធំៗ។

លោករដ្ឋមន្ត្រី បានស្នើឱ្យឥណ្ឌាជួយបន្តជំរុញឲ្យមានការហោះហើរត្រង់មកកាន់កម្ពុជា (ដែលមកដល់បច្ចុប្បន្ននេះ ពុំទាន់មាននៅឡើយ) ដូចអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ដែលបានគូសបញ្ជាក់រួចហើយ។ កម្ពុជាក៏នឹងខិតខំបង្កើន និងជំរុញសកម្មភាពឃោសនា ផ្សព្វផ្សាយទៅកាន់គោលដៅទីផ្សារធំៗនៅឥណ្ឌា ពិសេស Mombay និង New Delhy និងខិតខំជំរុញឲ្យក្រុមហ៊ុនអាកាសចរជាតិ និងក្រុមហ៊ុនអាកាសចរណ៍ ចុះបញ្ជីក្នុងស្រុកពិចារណា ក្នុងការហោះហើរតភ្ជាប់ពីកម្ពុជា-ឥណ្ឌា-កម្ពុជា ផងដែរ។ កម្ពុជាក៏មានប្រជាជនចូលចិត្តធ្វើទេសចរ បែបព្រះពុទ្ធសាសនាទៅកាន់ឥណ្ឌាផងដែរ។

គួរកត់សម្គាល់ថា ក្នុងឆ្នាំ២០១៦ ទេសចរជនជាតិឥណ្ឌាចេញក្រៅប្រទេសប្រមាណ ២០លាននាក់ ក្នុងនោះមកតំបន់អាស៊ានប្រមាណ ៣.៥លាននាក់ រីឯមកកាន់កម្ពុជា ក្នុងឆ្នាំ២០១៦ ទើបបាន ៤៦,១៣១នាក់ (កើន២៥%) ដោយឡែកក្នុងរយៈពេល ៣ខែដើមឆ្នាំ២០១៧ ទេសចរជនជាតិឥណ្ឌាមកកាន់កម្ពុជាចំនួន ១៣,៨១៦នាក់ កើន២០%។ កម្ពុជាមានផែនការទាក់ទាញទេសចរឥណ្ឌាឲ្យបានប្រមាណ ១០ម៉ឺននាក់ នៅឆ្នាំ២០២០៕