(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស បានប្រាប់ទៅប្រជាពលរដ្ឋ រស់នៅអមសងខាងផ្លូវរថភ្លើង ក្នុងខណ្ឌឬស្សីកែវ ឲ្យ ឈប់ជឿលើការសន្យាខ្យល់ ឬក៏ការញុះញង់របស់មន្រ្តីបក្សប្រឆំាំង ដែលបានលើកឡើងថា មានការបណ្តេញប្រជាពលរដ្ឋចេញពីលំនៅដ្ឋាន នៅពេលរាជរដ្ឋាភិបាល ចាប់ផ្តើមជួសជុលផ្លូវរថភ្លើងនោះ។
លោកអភិបាលរាជធានីភ្នំពេញ បានសង្កត់ធ្ងន់ថា «យើងនឹងរៀបចំតំបន់នេះ ឲ្យមានសណ្តាប់ធ្នាប់ ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅបានសមរម្យ មានប្រព័ន្ធលូ ប្រព័ន្ធទឹកស្អាត ព្រមទាំងចេញប្លង់កម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋទៀតផង»។
ការលើកឡើងនេះខណៈដែលលោកអភិបាល បានដឹកនាំមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពផ្លូវបេតុងតាមបណ្តោយផ្លូវរថភ្លើង ស្ថិតក្នុងខណ្ឌឬស្សីកែវ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះ។
លោក ប៉ា សុជាតិវង្ស បានបន្ថែមថា លោកនឹងបើកវេទកាសាធារណៈដើម្បីជួបប្រជាពលរដ្ឋ ក្នុងកំឡុងពេល២សប្តាហ៍ខាងមុខ ជាមួយនិងការរក ដំណោះស្រាយ នៃផលប៉ះពាល់ជាបណ្តើរៗ ស្របជាមួយ និងគម្រោងអភិវឌ្ឍន៍ ក៏ដូចជា ជួយជំរុញឲ្យគម្រោងអភិវឌ្ឍន៍ ឆាប់បានរួចរាល់ជាស្ងាពរ។
លោកបញ្ជាក់ថា «ការបើកវេទិកាសាធារណៈនេះ ដើម្បីប្រជុំផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋយល់ច្បាស់ពី គម្រោងអភិវឌ្ឍន៍ ចៀសវាងមានការមួលបង្កាច់ បំភ្លៃ បំភ្លើស ស្ថានភាពជាក់ស្តែង ដែលនាំឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ»៕