(ស្តឹងត្រែង)៖ ជនសង្ស័យម្នាក់ រួមជាមួយថ្នាំញៀនប្រមាណ៦ពាន់គ្រាប់ និងអាវុធប្រភេទកែច្នៃ១ដើម ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង ចុះទៅបង្ក្រាបនៅវេលាម៉ោង ៩និង២០នាទីព្រឹកថ្ងៃ២៤ ខែឧសភា ឆ្នាំ២០១៧នេះនៅលើផ្ទះជនសង្ស័យតែម្តង ក្នុងភូមិថ្មី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។
មន្ត្រីអាវុធហត្ថខេត្តបានប្រាប់ភ្នាក់ងារ Fresh News ថា នៅក្នុងប្រតិបត្តិការចុះបង្ក្រាបការជួញដូរគ្រឿងញៀននេះ ធ្វើឡើងក្រោមការ ដឹកនាំបញ្ជា លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងក្រោមការសម្របសម្រួលពីតំណាងអយ្យការ ផងដែរ។ កម្លាំងជំនាញបានបើកការស៊ើបអង្កេតស្រាវជ្រាវ និងកំណត់បានមុខសញ្ញា ហើយឈានទៅឃាត់ខ្លួនជនសង្ស័យបានម្នាក់ រួមជាមួយថ្នាំញៀន១កញ្ចប់ធំ ស្មើនឹង៣០កញ្ចប់តូច និងអាវុធប្រភេទកែច្នៃ១ដើម បញ្ជូនមកកាន់ការិយាល័យប្រឆាំងគ្រឿងញៀន នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ធ្វើការសាកសួរ និងស្រាវជ្រាវរកបក្ខពួកជួញដូរថ្នាំញៀននោះបន្ថែមទៀត។
មន្ត្រីជំនាញគ្រឿងញៀន ដដែលបានប្រាប់ទៀតថា ជនសង្ស័យឈ្មោះ សេង ទន់ អាយុ៤៣ឆ្នាំ រស់នៅភូមិថ្មី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យភ្លាម កម្លាំងអាវុធហត្ថ បានឆែកឆេររកឃើញថ្នាំញៀន១កញ្ចប់ធំ ស្មើនឹង៣០កញ្ចប់តូច ពណ៌ខៀវ ក្រោមការប៉ាន់ប្រមាណថា មានមិនក្រោមពី៦ពាន់គ្រាប់នោះទេ ហើយថ្នាំញៀននេះជាប្រភេទមេតំហ្វេតាមីនគ្រាប់។
នៅក្នុងប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជួញដូរថ្នាំញៀននោះ ជនសង្ស័យមានប្រើប្រាស់អាវុធប្រភេទកាប៊ីនស្នប់ច្នៃ១ដើម អាវុធប្រភេទនេះ គេអាចបាញ់សម្លាប់ជីវិតមនុស្ស និងសត្វបានយ៉ាងងាយ ហើយសមត្ថកិច្ចនៅគ្រានោះ ស្ទើរតែប្រឈមនឹងការតបតពី ជនសង្ស័យនោះទៀតផង។
នៅពេលនេះ ជនសង្ស័យ រួមជាមួយវត្ថុតាងថ្នាំញៀនប្រមាណ៦ពាន់គ្រាប់ និងអាវុធកែច្នៃ១ដើម កំពុងស្ថិតក្រោមការសាកសួរនិងរក្សាទុក ពីកម្លាំងជំនាញ គ្រឿងញៀន អាវុធហត្ថខេត្ត ដើម្បីចងក្រងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តស្ទឹងត្រែង ចាត់ការជាបន្តទៅតាម នីតិវិធីនៃច្បាប់៕