(កណ្ដាល)៖ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការអាវុធហត្ថខេត្តកណ្ដាល បញ្ជាឲ្យកម្លាំងអាវុធហត្ថទូទាំងខេត្ត ត្រូវធ្វើយ៉ាងណា ការពារ សុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ពេលទៅបោះឆ្នោតឲ្យបានល្អ តបតាមការបញ្ជាពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ អាវុធហត្ថលើផ្ទៃប្រទេស និងលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល។
ថ្លែងបែបនេះរបស់លោកមេបញ្ជាការ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះ ក្នុងពេលប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំខែឧសភា និងលើកទិសដៅបន្តប្រចាំខែមិថុនា ព្រមទាំងដកពិសោធន៍ផ្សព្វផ្សាយ បន្ថែមការងារឃោសនាបោះឆ្នោត និងការងារមួយចំនួនដែលត្រូវអនុវត្តចំពោះមុខ។
បន្ទាប់ពីបញ្ចប់ការងារណែនាំ ក៏ដូចជាការបូកសរុបលទ្ធផលការងារ លោកឧត្តមសេនីយ៍ត្រី ក៏បានចែកអាវភ្លៀងជូនដល់ នាយ នាយរង ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេចទាំងពីរ តែងតែយកចិត្ត ទុកដាក់លើសុខទុក្ខ របស់កងកម្លាំងជាប្រចាំ មិនដែលខាន។
សូមជម្រាបថា ក្រៅពីការងារការពារពេលយុទ្ធនាការឃោសនា និងពេលបោះឆ្នោត លោកឧត្តមសេនីយ៍ត្រី សំ តុលា បានណែនាំ មន្ដ្រីអាវុធហត្ថទាំងអស់ទៅបោះឆ្នោតទាំងអស់គ្នា និងត្រូវខិតខំយកចិត្តទុកដាក់ការងារស្នូល បង្ការ បង្ក្រាប និងសង្គ្រោះជាដើម៕