(ភ្នំពេញ)៖ អភិបាលខណ្ឌដង្កោ លោក នុត ពុធដារ៉ា នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះ រួមជាមួយលោកអភិបាលរង បេក្ខជនក្រុមប្រឹក្សាសង្កាត់ ភូមិ បានចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវ៤ខ្សែ ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ ប្រវែងសរុប១,៣០៨ម៉ែត្រ ជាគម្រោងថវិការបស់រដ្ឋបាលខណ្ឌ ឆ្នាំ២០១៧ និងគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០១៧។
ផ្លូវទាំង០៤ខ្សែ ដែលលោកអភិបាលខណ្ឌ ចុះបើកការដ្ឋាន នេះរួមមាន៖ ស្ថាបនាផ្លូវបេតុង០១ខ្សែ ប្រវែង២៩០ម៉ែត្រ ទទឹង០៥ម៉ែត្រ ស្ថិតក្នុង ភូមិគោកបន្ទាយ និងភូមិព្រៃធំ, ជួសជុលលុបសំបុកមាន់ ផ្លូវចាក់បេតុង០១ខ្សែ ប្រវែង ២៤១.៧៣ម៉ែត្រ ទទឹង០៦ម៉ែត្រ ស្ថិតក្នុងភូមិព្រៃសខាងលិច និងភូមិធម្មត្រ័យ, ស្ថាបនាផ្លូវបេតុង០១ខ្សែ ប្រវែង១៤៥ម៉ែត្រ ទទឹង០៥ម៉ែត្រ ស្ថិតក្នុងភូមិគោកបន្ទាយ និងស្ថាបនាផ្លូវបេតុង០១ខ្សែ ប្រវែង៦៣១.៥ម៉ែត្រ ទទឹង០៥ម៉ែត្រ ស្ថិតក្នុងភូមិធម្មត្រ័យ និងភូមិព្រៃទីទុយ។
ក្នុងឱកាសនោះលោក នុត ពុធដារ៉ា បានធ្វើការផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋ និងបានលើកឡើងអំពីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ដែលបានអភិវឌ្ឍន៍ប្រទេសជាតិ និងបានថែរក្សាសុខសន្តិភាពនៅទូទាំងប្រទេស ហើយផ្លូវបេតុងថ្មីនេះ នឹងបម្រើផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋសម្រាប់ការធ្វើដំណើរ និងរក្សាបាននូវផាសុខភាពសម្រាប់ការរស់នៅផងដែរ។
លោកអភិបាលខណ្ឌ ក៏បានណែនាំដល់ប្រជាពលរដ្ឋសូមជួយតាមដានត្រួតពិនិត្យ ការអនុវត្តគម្រោងរបស់ក្រុមហ៊ុន ទទួលការសាងសង់ និងរាយការណ៍អំពីបញ្ហាប្រឈមនានា ជូនដល់អជ្ញាធរមូលដ្ឋានដើម្បីចាត់វិធានការទាន់ពេលវេលា។ ជាមួយគ្នានេះ លោកក៏សូមមានការយោគយល់ អធ្យាស្រ័យចំពោះផលប៉ះពាល់តិចតួច ដែលអាចបណ្តាលមកពីការស្ថាបនាផ្លូវនេះ ដើម្បីឲ្យដំណើរការស្ថាបនាឆាប់បានរួចរាល់ និងប្រើប្រាស់បានយូរអង្វែង៕