(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ AirAsia បានរៀបចំពិធីមួយមានឈ្មោះថា Santan Food Festival ជាកម្មវិធី ភ្លក្សម្ហូបអាហារសម្រាប់បម្រើលើយន្តហោះដ៏ធំជាងគេបំផុតនៅអាស៊ី ដែលមានមុខម្ហូបចម្រុះយ៉ាងសម្បូរបែបមក ពី គ្រប់ទិសទីទូទាំងតំបន់។ កម្មវិធី «Air Asia Santan Food Festival» បានរៀបចំឡើ់ងនៅលើទឹកដីប្រទេស ម៉ាឡេស៊ី រយៈពេល២ថ្ងៃ ពោលគឺ នាថ្ងៃទី២៣ និងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧។
ព្រឹត្តិការណ៍នេះ បានបង្អួតបង្ហាញពី សិល្បៈនៃការរៀបចំក៏ដូចជាញ៉ាំអាហារក្តៅៗ នៃយីហោម្ហូបអាហារ Santan មកពីគ្រប់បណ្តាញសាខារបស់ AirAsia រួមបញ្ចូលទាំងមុខម្ហូបប្រចាំត្រកូលចុងក្រោយមួយចំនួនផងដែរ។
កម្មវិធីម្ហួបអាហារ Santan ទទួលបានការចូលរួមពីសំណាក់ក្រុមការងារសារព័ត៌មាន ប្រមាណជាង២០០នាក់ និង បុគ្គលសំខាន់ៗមកពីទីផ្សារចំនួន១៦រួមមានប្រទេសម៉ាឡេស៊ី, ថៃ, ឥណ្ឌូណេស៊ី, ហ្វីលីពីន, វៀតណាម, កម្ពុជា, ឡាវ, មីយ៉ាន់ម៉ា, សិង្ហបុរី, ប៊្រុយណេ, ឥណ្ឌា, ចិន, តៃវ៉ាន់, ជប៉ុន, កូរ៉េខាងត្បូង, និងអូស្រ្តាលី។
ប្រធានក្រុមនាយកប្រតិបត្តិរបស់ AirAsia លោក Tony Fernandes បានថ្លែងថា «ម្ហូបអាហារគឺជាកត្តាបង្រួបបង្រួមសាមគ្គីភាព ដ៏អស្ចារ្យបំផុតមួយនៅទូទាំងតំបន់អាស៊ី។ អ្វីដែលពួកយើងកំពុងធ្វើគឺនាំយករសជាតិ ដ៏ពិសេសៗរបស់ ប្រជាជាតិ អាស៊ាន ចូលមកក្នុង យីហោ Santan ដើម្បីបង្កើតចេញជាបទពិសោធន៍ម្ហូបអាហារដ៏ល្អប្លែកដាច់គេមួយ ជាមួយនិងចក្ខុវិស័យនៃការចម្លងម្ហូបអាហារឆ្ងាញ់ៗពីដីគោក មកលើយន្តហោះនៅកណ្តាលផ្ទៃអាកាស។ លើសពីនេះបញ្ជីរសជាតិនិងតម្លៃ នៃម្ហូបអាហារសម្រាប់បម្រើលើយន្តហោះ តែងតែជាបញ្ហាប្រឈមដ៏លំបាកមួយ ក៏ប៉ុន្តែយើងជឿជាក់ ជាមួយ Santan ពួកយើងអាចបង្កើតយីហោភោជនីយដ្ឋានដំបូងគេបង្អស់នៅលើផ្ទៃអាកាស ដែលទាំងមានរសជាតិឆ្ងាញ់ពិសារ ហើយមានតម្លៃធូរថ្លៃសមរម្យថែមទៀត»។
លោក Fernandes បានបន្ថែមថា «ដើម្បីឲ្យស្របទៅតាម កិច្ចប្រឹងប្រែងនៃការប្រើប្រាស់ប្រព័ន្ធ បច្ចេកវិទ្យា យើងនឹងធ្វើការវាយតម្លៃ ទៅលើទិន្នន័យដែល ពួកយើងទទួលបានពីអតិថិជនធ្វើដំណើរមិនតិចជាង៤០០លាននាក់ ក្នុងពេលកន្លងមកនេះ ដើម្បីបង្កើតការផ្តល់ សេវាហោះហើរ ដែលមានលក្ខណៈល្អប្រសើរនិងពោរពេញ ដោយគំនិត ច្នៃប្រឌិតជាងមុន ដោយនៅក្នុងនោះក៏មានមុខម្ហូប Santan ផងដែរ។ យើងនឹងអនុវត្តន៍ការប្រើប្រាស់ ប្រព័ន្ធអេឡិចត្រូនិច ePOS នាពេលឆាប់ៗខាងមុខនេះ ដែលនឹងផ្តល់ភាពងាយស្រួល ក្នុងការកុម៉្មង់និងការ ទូទាត់ប្រាក់ ដូចទៅនឹងភោជនីយដ្ឋានអ៊ីចឹង ហើយថែមទាំងអាចឲ្យយើង ស្វែងយល់កាន់តែច្បាស់បន្ថែមទៀត ពីអ្វីដែលភ្ញៀវរបស់យើងចង់បាន។ ក្រៅពីនេះយើងក៏នឹងព្យាយាមសាកល្បងប្រើប្រាស់ការវេចខ្ចប់ដែលមិន បំផុតបរិស្ថាន និងការបំពាក់រទេះឆុងកាហ្វេ លើយន្តហោះដើម្បី អនុញ្ញាតឲ្យយើងបម្រើកាហ្វេដែលមានគុណភាពលំដាប់ខ្ពស់និងថ្មីៗក្តៅៗនៅអំឡុង ការធ្វើដំណើរផ្ទាល់ផងដែរ ហើយពួកយើងនឹងនៅ តែបន្តធ្វើការងារ ជាំយយបណ្តាសហគ្រាស និងប្រជាកសិករអាស៊ាន ប្រចាំតំបន់ នៅក្នុងការអភិវឌ្ឍផលិតផល F&B»។
អ្នកមានវត្តមានទាំងអស់ បានចូលរួមក្នុងវគ្គភ្លក្សរសជាតិម្ហូបអាហារ និងសកម្មភាពផ្សេងៗនៃព្រឹត្តិការណ៍ Santan រួមមានទាំងការទស្សនាការចម្អិតមុខម្ហូបប្រចាំត្រកូល Thai Green Curry with Rice ដោយមេចុងភៅដ៏ល្បីឈ្មោះរបស់អាកាសចរណ៍ AirAsia លោក Calvin Soo ការសម្តែងជាច្រើនផ្សេងទៀត។
អាហារ Santan ដែលធ្លាប់ឈ្នះពានរង្វាន់របស់ក្រុមអាកាសចរណ៍ AirAsia នេះផ្តល់ជម្រើសមុខម្ហូប លើយន្តហោះ យ៉ាងច្រើនសម្បូរបែបជាទីបំផុត សម្រាប់ឲ្យភ្ញៀវធ្វើការជ្រើសរើសដោយការកក់ទុកមុនតាម Onlineឬកំពុងធ្វើដំណើរ លើយន្តហោះផ្ទាល់ក៏បាន។ ហើយមុខម្ហូបទាំងនោះ សាកសមមិនថាសម្រាប់មនុស្សពេញវ័យឬកុមារឡើយដោយ ពួកវាត្រូវបានតម្រូវតាមចំណង់ចំណូលចិត្តរបស់ភ្ញៀវ ដែលធ្វើដំណើរនៅទូទាំងបណ្តាញដ៏ធំទូលាយរបស់ AirAsia។
អតិថិជនទាំងអស់ត្រូវបានលើកទឹកចិត្តឲ្យធ្វើការកក់ម្ហួបអាហាររបស់ពួកគេជាមុន ដើម្បីទទួលបានការសន្សំសំចៃ ដ៏អស្ចារ្យជាមួយ អាហារឈុត Santan Combo Meal និងដើម្បីអាចមានជម្រើសច្រើនក្នុងការជ្រើសរើសមុខម្ហូប។ ភ្ញៀវទាំងឡាយដែលបានធ្វើការ កក់អាហារទុកជាមុន ត្រូវបានធានាយ៉ាងជាក់ច្បាស់អំពីមុខម្ហូបរបស់ពួកគេ ហើយនឹងទទួលបានអាទិភាពនៃសេវាបម្រើអាហារមុនគេ នៅអំឡុងពេលធ្វើដំណើរ។
គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ AirAsia ធ្លាប់បានឈ្នះងារជាអ្នកផ្តល់សេវាកម្មក្នុងពេលហោះហើរ ដែលឈានមុខគេនៅលើពិភពលោក នៅឯវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ប្រកួតប្រជែកវិស័យធ្វើដំណើរពិភពលោក កាលពីខែធ្នូ ឆ្នាំ២០១៦ ហើយក៏ត្រូវបានផ្តល់កិត្តិយសជាមួយពានរង្វាន់នៃគំនិតច្នៃប្រឌិតផ្នែកម្ហូបអាហារប្រចាំឆ្នាំ ដោយគណៈកម្មការបដិសណ្ឋារកិច្ច Onboard Hospitality នាឆ្នាំដដែលផងដែរ៕