(ពោធិ៍សាត់)៖ នៅពេលដែលកំពុងធ្វើយុទ្ធនាការ រកសំឡេងឆ្នោត នៅក្រុង-ខេត្តពោធិ៍សាត់ សកម្មជនគណបក្ស សង្គ្រោះជាតិ២នាក់ បានស្លាប់ និងរបួស បន្ទាប់ពីក្មេងប្រុសម្នាក់ជិះម៉ូតូបុកជនរងគ្រោះ ខណៈជនរងគ្រោះកំពុងដើរឆ្លងផ្លូវ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះ លើកំណាត់ផ្លូវជាតិលេខ ៥០១ ស្ថិតក្នុងភូមិព្រែកត្នោត សង្កាត់លលកស ក្រុងពោធិ៍សាត់។
មន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញក្រុមសកម្មជន របស់គណបក្សសង្គ្រោះជាតិ កំពុងតែធ្វើយុទ្ធនាការឃោសនា លុះដល់ចំណុចខាងលើ ដោយសារតែការធ្វើយុទ្ធនាការនោះ មិនមានសណ្ដាប់ធ្នាប់ ក៏មានម៉ូតូមួយគ្រឿង ជិះដោយក្មេងប្រុសម្នាក់វ័យ១៥ឆ្នាំ ឈ្មោះ ញឹក ឈុនឡាង មុខរបរជាសិស្សសាលាបុកពេញទំហឹង បណ្ដាលសកម្មជនឈ្មោះ ង៉ែត សុភាព អាយុ៣៦ឆ្នាំ ស្លាប់ និងសកម្មជនទៀតរងរបួស។
បើតាមនគរបាល ជនរងគ្រោះដែលស្លាប់នោះ ត្រូវជាប្អូនថ្លៃរបស់លោក រ៉ែម សាមឿន សមាជិកក្រុមប្រឹក្សាក្រុងពោធិ៍សាត់ ហើយបច្ចុប្បន្នកំពុងធ្វើបុណ្យ នៅផ្ទះរបស់ លោក រ៉ែម សាមឿន នៅក្រុងពោធិ៍សាត់៕