(ភ្នំពេញ)៖ តាមរយៈជំនួបពិភាក្សា រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាល្លឺម៉ង់ កាលពីពេលកន្លងទៅ ខណៈដែលភាគី ទាំងពីរបាន ព្រមព្រៀងធ្វើកិច្ចសហប្រតិបត្តិការ លើការធើ្វពិពិធកម្មសេដ្ឋកិច្ច នៅតាមទីជនបទ ដោយផ្តោតសំខាន់ ទៅលើការជម្រុញវិស័យសហគ្រាសធុនតូច និងមធ្យម ស្របតាមគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្ម ពីឆ្នាំ ២០១៥ ដល់ ២០២៥ នៅរសៀលថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ២០១៧ មានរៀបចំកិច្ចប្រជុំ ពិគ្រោះយោបល់អំពី ស្ថានភាពសហគ្រាសធុនតូច និងធុនមធ្យម របស់កម្ពុជា និងទិសដៅរបស់ក្រសួង និងស្ថាប័នពាក់ព័ន្ធ ក្នុងការជម្រុញលើវិស័យនេះ ក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម នៅសាលប្រជុំរដ្ឋាករទឹកក្រុងភ្នំពេញ។
ថ្លែងនាឱកាសនោះ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបញ្ជាក់ថា ក្រោមការសម្របសម្រួល របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានដើរតួជាអ្នកអនុវត្តគម្រោងនេះ ក្នុងរយៈពេល០៣ឆ្នាំ ក្នុងទឹកប្រាក់ចំនួន ៣លានអឺរ៉ូ។ លោកស្នើឲ្យក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ សហការឲ្យបានល្អជាមួយ អង្គការ GIZ អាល្លឺម៉ង់ ក្នុងកិច្ចពិភាក្សាពិគ្រោះយោបល់ ដើម្បីទទួលបានធាតុចូលសំខាន់ៗ សម្រាប់ជម្រុញអភិវឌ្ឍន៍វិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលមានជាង ៥សែនមូលដ្ឋាន នៅទូទាំងប្រទេស ។
លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបញ្ជាក់ថា ដើម្បីលើកកំពស់វិស័យនេះ កត្តាសំខាន់ គឺធ្វើយ៉ាងណាសម្របសម្រួល និងលើកទឹកចិត្តឲ្យសហគ្រាសធុនតូច និងមធ្យម ដែលបច្ចុប្បន្នកំពុងស្ថិតនៅ ក្រៅរង្វង់ច្បាប់ប្រមាណ ៩៦% នោះ ឲ្យមានលទ្ធភាពមក ចុះបញ្ជីនៅក្រសួងឲ្យបានគ្រប់មូលដ្ឋាន ដែលមានអត្ថប្រយោជន៍ខ្លាំងណាស់ សម្រាប់ការងារគ្រប់គ្រងស្ថិតិ, ការងារបណ្តុះបណ្តាល, ការចែករំលែកព័ត៌មាន និងការផ្លាស់ប្តូរបទពិសោធន៍ និងការផ្ទេរបច្ចេកវិទ្យាជាដើម ពីព្រោះសហគ្រាសធុនតូច និងមធ្យម ចាត់ទុកជាកោសិការ សេដ្ឋកិច្ចដ៏សំខាន់ និងជួយជម្រុញគាំទ្រដល់ឧស្សាហកម្មធុនធ្ងន់ក្នុងប្រទេស សម្រាប់កំណើនសេដ្ឋកិច្ច និងការងារ ។
សូមបញ្ជាក់ថា ពីថ្ងៃទី ២០ ដល់ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៧ ក្រុមការងាររបស់GIZ តំណាងរដ្ឋាភិបាលអាល្លឺម៉ង់ នឹងចុះធ្វើបេសកកម្ម ដើម្បីប្រមូលព័ត៌មានបន្ថែមទៀត ព្រមទាំង ស្តាប់ពីមតិយោបល់របស់ស្ថាប័ន ពាក់ព័ន្ធដើម្បីជាធាតុ ចូលសម្រាប់រៀបចំអភិវឌ្ឍន៍គម្រោងនេះ៕