(បន្ទាយមានជ័យ)៖ ពលករខ្មែរ២នាក់ប្តី-ប្រពន្ធ ដែលមានស្រុកកំណើតនៅ ខេត្តតាកែវ បានចាក់សម្លាប់គ្នា នៅក្នុងបន្ទប់ស្នាក់នៅ នាប្រទេសថៃ ខណៈពួកគេស្នាក់នៅ និងធ្វើការនៅទីនោះ។ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង៦ព្រលប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ ខាងក្រោយស្ថានីយ៍ប្រេងឥន្ធនៈសាត់កូ ផ្ទះលេខ៧០ ភូមិ៨ ឃុំតានដៀវ ស្រុកកែងខយ ខេត្តសារៈបុរី ប្រទេសថៃ។
សារព័ត៌មានថៃ បានដកស្រង់សំដីសាក្សីមួយចំនួន ដែលស្នាក់នៅបន្ទប់ក្បែគ្នាបានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគេទាំង២នាក់ ប្តី-ប្រពន្ធ បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងតែមិនដឹងថា ដោយសារមូលហេតុអ្វីនោះទេ។ បន្ទាប់ពីសំឡេងយំស្រែក បានស្ងប់ស្ងាត់ ទើបពួកគេ មានការសង្ស័យ ក៏រាយការណ៍ទៅសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ដើម្បីឲ្យចុះមកត្រួតពិនិត្យជាលទ្ធផល ក៏បានប្រទះឃើញ ប្តី-ប្រពន្ធដេកស្លាប់ នៅក្នុងថ្លុកឈាមអស់ទៅហើយ។
ក្រោយពេលចុះត្រួតពិនិត្យ ក្រុមតម្រួតថៃ បានអះអាងថា សពជនរងគ្រោះទាំងពីរនាក់នេះ គឺជាប្តី-ប្រពន្ធ ដោយបានមកធ្វើការនៅក្នុង ប្រទេសថៃ ជាយូរមកហើយ។ បុរសជាប្តីឈ្មោះ ម៉ី មឿន អាយុ៣៤ឆ្នាំ និងភរិយាឈ្មោះ ម៉ី មាសមល អាយុ៣០ឆ្នាំ អ្នកទាំងពីរមាន ស្រុកកំណើតនៅខេត្តតាកែវ ហើយក្រោយមកក៏បានមករស់នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចថៃបានសន្និដ្ឋានជំហ៊ានដំបូងថា ក្រោយពីមានទំនាស់គ្នាយ៉ាងខ្លាំង និងមិនអាចរកវិធីដោះស្រាយបានបុរសជាប្តីបាន សម្រេចចិត្ត ប្រើប្រាស់កូនកាំបិតចិត្តផ្លែឈើអារ-ក ប្រពន្ធស្លាប់ភ្លាមៗតែម្តង បន្ទាប់មកក៏បានប្រើប្រាស់កន្សែងចង-ក ខ្លួនឯងទៅនឹងកង្ហារ ពិដាន ប៉ុន្តែការធ្វើអត្តឃាតនេះ មិនបានសម្រេច ទើបប្រើកូនកាំបិតដដែលចាក់ទៅលើខ្លួនដើម្បីសម្លាប់ខ្លួនរហូតបានសម្រេច។
បច្ចុប្បន្នក្រុមគ្រូពេទ្យជំនាញ បាននាំយកសពទាំងពីរនាក់ ប្តី-ប្រពន្ធ ទៅពិនិត្យដើម្បីធ្វើកោសល្យវិច្ច័យសារជាថ្មី និងត្រៀមរៀបចំ ទាក់ទងទៅ ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ ដើម្បីស្រាវជ្រាវរកសាច់ញាតិដើម្បីបញ្ជូនសពត្រឡប់មកកម្ពុជាវិញ៕