(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានសម្រេចមិនទទួលយកវីដេអូស្បតឃោសនាទី៣ របស់គណបក្សសង្រ្គោះជាតិ សម្រាប់ការចាក់ផ្សាយនៅទូរទស្សន៍ជាតិកម្ពុជានោះទេ, នេះបើយោងតាមលិខិតរបស់ គ.ជ.ប ផ្ញើជូនលោក យឹម សុវណ្ណ ប្រធានគណៈកម្មាធិការ ប្រតិបត្តិគណបក្សសង្រ្គោះជាតិ ។
ការបដិសេធមិនទទួលយកនេះ ដោយហេតុថា ក្រសួងព័ត៌មានពុំអនុញ្ញាតឲ្យ ទ.ទ.ក ចាក់ផ្សាយ ព្រោះវិដេអូនេះមានសេចក្តីថ្លែងការណ៍របស់ទណ្ឌិត។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែឧសភានេះថា «ដោយសារលោក សម រង្ស៊ី គាត់ជាអ្នកជាប់ទោស ដោយរាជរដ្ឋាភិបាល កំពុងតាមចាប់ខ្លួន។ យើងនៅតែចាក់ ស្បតឲ្យគាត់ ដដែលតែគ្រាន់តែយើងចាក់ស្បតផ្សេងមិនមែនស្បតដែលមានសេចក្តីថ្លេងការណ៍របស់ លោក សម រង្ស៊ីនោះទេ»។
លោក ហង្ស ពុទ្ធា បានបន្ថែមថា ក្នុងអំឡុងពេលឃោសនា រកសំឡេងបោះឆ្នោត រយៈពេល១៤ថ្ងៃ គណបក្ស នយោបាយទាំង១២គណបក្ស មានសិទ្ធបង្ហាញនូវកម្មវិធីនយោបាយរបស់គណបក្សរៀងៗខ្លួន។ តែមានចំណុចហាម មួយចំនួននៅក្នុងនីតិវិធីច្បាប់ មិនប្រើពាក្យប៉ះពាល់ ជេរប្រមាថ។
សេចក្តីជូនដំណឹងនេះបញ្ជាក់ថា គ.ជ.ប នឹងយកស្បតដែលមានស្រាប់មកចាក់ផ្សាយជំនួសវិញ៕