(កំពង់ស្ពឺ)៖ ក្រុមចោរប្រដាប់អាវុធ៥នាក់ ជិះម៉ូតូ២គ្រឿង និងឡានមួយគ្រឿង បានធ្វើសកម្មភាពចូលប្លន់យកព្រះអង្គសំរិទ្ធពី ផ្ទះប្រជាពលរដ្ឋម្នាក់នៅ ​ភូមិស្រែកក់ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឹ។ ហេតុការណ៍ប្លន់ប្រដាប់អាវុធនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះ។

លោកឧត្តមសេនីយ៍ត្រី សំ សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យទាំង៥នាក់ បានចូលទៅចរចាដើម្បីទិញព្រះអង្គសំរិទ្ធ ហើយពេលកំពុងតែចរចាគ្នានោះ ជនសង្ស័យបានឲ្យភេសជ្ជបាកាសមួយកំប៉ុងទៅជនរងគ្រោះ ឈ្មោះ ស៊ិន រីម អាយុជាង៥០ផឹក ស្រាប់ទេផឹកបានបន្ដិចជនរងគ្រោះបានអាការៈទន់ដៃទន់ជើង ពេលនោះកូនរបស់ជនរងគ្រោះឈ្មោះ សុខ រ៉េត អាយុ២០ឆ្នាំ បានចូលទៅជួយក៏ត្រូវបានក្រុមចោរ វាយប្រតាយប្រតប់ និងបានទាញកាំភ្លើងបាញ់ ប៉ុន្ដែកាំភ្លើងមិនផ្ទុះ ក្រោយមកជនសង្ស័យបានរត់គេចខ្លួនបាត់។

លោកឧត្តមសេនីយ៍ស្នងការ បន្ថែមថា តាមការសួរចម្លើយជនរងគ្រោះបានបញ្ជាក់ថា ក្រុមចោរប្រដាប់អាវុធបានប្លន់យកព្រះអង្គសំរិទ្ធ អស់៣ព្រះអង្គ ប៉ុន្ដែសមត្ថកិច្ចសង្ស័យថាតែមួយព្រះអង្គតែប៉ុណ្ណោះ។ បើតាមស្នងការ ទោះបីជាយ៉ាងណាក៏ដោយ កម្លាំងជំនាញ និងបន្ដការសួរនាំបន្ថែមទៀត ដោយសារតែតាមការសង្កេត ជនរងគ្រោះហាក់បីដូចជាមានការលាក់លាមច្រើន ហើយជនរងគ្រោះក៏មិនទាន់បានបញ្ជាក់ថា បានព្រះអង្គសំរិទ្ធនេះមកពីណាដែរ។

​ប៉ុន្ដែទោះជាយ៉ាងណា ជនរងគ្រោះបានឲ្យដឹងថា ខ្លួនបានដេកយល់សព្វហើយ ក៏បានទៅយកព្រះអង្គសំរិទ្ធនេះនៅភ្នំ។ បច្ចុប្បន្នកម្លាំងជំនាញ កំពុងធ្វើការយ៉ាងដុតដៃដុតជើង ដើម្បីរកក្រុមចោរមកផ្តន្ទាទោស។

គួរបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុន មានមនុស្សមួយក្រុមបានទាក់ទងតាមស្ដ្រីម្នាក់ មកទិញព្រះអង្គនេះ ហើយស្រាប់តែថ្ងៃនេះកើតហេតុប្លន់តែម្ដង៕