(កណ្តាល)៖ លោក ស៊ុន ចាន់ថុល ប្រធានគណៈពង្រឹងការងារក្នុងស្រុកកោះធំ ខេត្តកណ្តាល មកពីគណបក្សប្រជាជនកម្ពុជាបានទទូច សុំឲ្យប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបានមេឃុំល្អ មានសមត្ថភាពសម្រេចការងារកាន់តែប្រសើរជូន ប្រជាពលរដ្ឋ និងទទួលបានការអភិវឌ្ឍថ្មីៗបន្ថែមទៀត។
ការថ្លែងទទូចរបស់លោក ស៊ុន ចាន់ថុល បានធ្វើឡើងក្នុងពេលដែលរូបលោកចុះធ្វើយុទ្ធនាការ ឃោសនារកសំឡេងឆ្នោត ពីប្រជាពលរដ្ឋក្នុងរយៈពេល៤ថ្ងៃកន្លងទៅនេះ។ ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតរយៈពេល៤ថ្ងៃនេះ លោក ស៊ុន ចាន់ថុល រួមនិងសមាជិក សមាជិកាបក្សប្រជាជនជាច្រើនរូបទៀត បានចុះធ្វើសកម្មភាពសស្រាក់សស្រាំស្វែងរកការគាំទ្រពីប្រជាពលរដ្ឋ។
លោក ស៊ុន ចាន់ថុល បានថ្លែងបង្ហាញអំពីសមិទ្ធិផលសំខាន់ៗមួយចំនួននៅក្នុងស្រុកកោះធំ ដូចជាសាលារៀន ផ្លូវ ស្ពាន ប្រឡាយទឹក និងទីអារាមជាដើម។ លោក ស៊ុន ចាន់ថុល ក៏លើកបង្ហាញពីសមិទ្ធផលធំៗរបស់ប្រទេសជាតិ ដែលសម្រេចបានក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ផងដែរ។
«បណ្តាញផ្លូវថ្នល់តភ្ជាប់ខ្វាត់ខ្វែងនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល សម្រាប់សម្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ ការស្វែងរកទីផ្សារនៅក្រៅប្រទេសដើម្បីជំរុញការនាំចេញកសិផលពីកម្ពុជា និងការបង្កើតការងារធ្វើជូនអ្នកស្រុកកោះធំផងដែរ»។ នេះជាការគូសបញ្ជាក់របស់លោក ស៊ុន ចាន់ថុល។
លោក ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋផងដែរថា សមិទ្ធផលទាំងអស់នេះ កើតចេញពីកត្តាសុខសន្តិភាពដែលកម្ពុជា ខិតខំរួមគ្នារក្សាជាច្រើនឆ្នាំមកនេះ ហើយបើគ្មានសុខសន្តិភាព និងគ្មានស្ថេរភាពនយោបាយនេះទេ មិនអាចកសាងហេដ្ឋារចនា សម្ព័ន្ធស្ពានថ្នល់ សាលារៀន មន្ទីរពេទ្យ។ល។ និងមិនអាចទាក់ទាញអ្នកវិនិយោគឱ្យមកបណ្តាក់ទុន ដើម្បីបង្កើតការងារធ្វើជូនប្រជាពលរដ្ឋ និងមិនអាចទាក់ទាញទេសចរណ៍មកលេងកម្ពុជាដូចសព្វថ្ងៃបានឡើយ។
សូមបញ្ជាក់ថា ស្រុកកោះធំ របស់ខេត្តកណ្តាល មានឃុំចំនួន ១១ ដែលគណបក្សនយោបាយនានា នឹងត្រូវប្រកួតប្រជែងគ្នាយកតំណែង ក្រុមប្រឹក្សាឃុំ សង្កាត់នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ៕