(ភ្នំពេញ)៖ ការគ្រប់គ្រងធនធានធម្មជាតិនៅកម្ពុជា ក្នុងគោលដៅដើម្បីរក្សាបាននូវចីរភាព នៃធនធានព្រៃឈើ នៅកម្ពុជា រាជរដ្ឋាភិបាលបច្ចុប្បន្នដែលនៅ ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បាននិងកំពុងបំពេញភារកិច្ចយ៉ាងមុតមាំ ក្នុងការកាពារធនធានព្រៃឈើ និងធនធានធម្មជាតិដែលកម្ពុជាមាន។
ផ្អែកលើការកែទម្រង់វិស័យបរិស្ថានក្នុងពេលថ្មីៗនេះ ផ្ទៃដីតំបន់ការពារធម្មជាតិបានកើនឡើងរហូតដល់ទៅ ៧,៥លានហិចតា ស្មើនឹង ៤១% នៃផ្ទៃប្រទេស ដែលចំនួននេះច្រើនជាង២ដង នៃគោលដៅជីវៈចម្រុះសកល ដែលបានកំណត់នៅក្នុងកិច្ចប្រជុំកំពូលលើកទី១០ នៅប្រទេសជប៉ុន។ ផែនការ និងយុទ្ធសាស្រ្តទាំងអស់ ដែលកម្ពុជាបានរៀបចំ និងកំពុងអនុវត្តនាពេលបច្ចុប្បន្ននេះ បានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់ពីជំហររបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រង ធនធានធម្មជាតិ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ហើយដែលគោលការណ៍នេះបានដើរទន្ទឹមគ្នាជាមួយ និងនិន្នាការពិភពលោក។
នៅក្នុងអាណតិ្តរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ប្រមុខរាជរដ្ឋាភិបាល បានប្រកាសជាសាធារណៈអំពីវិធានការការពារព្រៃឈើ និងវិធានការបង្រ្កាបបទល្មើព្រៃឈើ នៅលើផ្ទៃប្រទេស។ ឆ្លើយតបទៅនឹងស្ថានភាពនៃឧក្រិដ្ឋកម្មព្រៃឈើ ដែលអាចកើតមាន ប្រមុខរដ្ឋាភិបាលបានប្រកាសជាផ្លូវការបង្កើតគណៈកម្មាធិការជាតិ ទប់ស្កាត់និងបង្រ្កាបបទល្មើសព្រៃឈឺ ដែលបានធ្វើប្រត្តិការជាក់ស្ដែងកន្លងមក ក្នុងការបង្ក្រាបបទ ល្មើសព្រៃឈឺនេះឯង គណៈកម្មាធិការនេះត្រូវបានដឹកនាំ ប្រតិ្តបត្តិការដោយមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ កិច្ចប្រតិបត្តិការនេះបានបង្កាបបទល្មើសព្រៃឈើ ហើយទទួលបានលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ គួរឱ្យសម្គាល់នូវឈើហ៊ុបត្រូវបានកាប់ដោយជនទុច្ចរិត។ រាជរដ្ឋាភិបាលបានសម្រេចប្រើប្រាស់ឈើហុប ដែលរឹបអូសបានទាំងនេះ ដើម្បីជាប្រយោជន៍ជាតិទាំងមូល ជាពិសេសដើម្បីប្រើប្រាស់ក្នុងវិស័យអប់រំ។
លើសពីនេះទៀត ដើម្បីបង្ហាញនូវវិធានការយ៉ាងមុតមាំ និងជាក់ស្ដែងដល់ពលរដ្ឋកម្ពុជា អំពីការការពារធនធានធម្មជាតិ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ដោយមានក្រសួងបរិស្ថានជាសេនាធិការ រាជរដ្ឋាភិបាលបានបើកឱ្យមានវេទិកាស្ដីពីការ ការពារធនធានធម្មជាតិនៅកម្ពុជា ដែលមានការចូលរួមពីគ្រប់ស្ថាប័នរដ្ឋ ជាពិសេសមានការចូលរួមពីប្រជាពលរដ្ឋសហគមន៍ និងអង្គការសង្គមស៊ីវិលពាក់ពាន់ផងដែរ។ នៅក្នុងឱកាសនៃវេទិការនោះ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានផ្តល់ឱកាសឲ្យមានវេទិកាសំណួរចម្លើយយ៉ាងសកម្ម ហើយប្រមុខរដ្ឋាភិបាលក៏បានអំពាវនាវសុំឱ្យមានការចូលរួម និងកិច្ចសហប្រតិបត្តិការពីគ្រប់ភាគីពាក់ព័ន្ធ អោយបានពេញលេញ ដើម្បីការពារធនធានធម្មជាតិ របស់យើងទាំងអស់គ្នា។
ជាលទ្ធផលចេញពីវេទិការនេះ អ្នកចូលរួមជាពិសេសពីប្រជាពលរដ្ឋសហគមន៍ និងអង្គការសង្គមស៊ីវិល បានសម្តែងនូវការពេញចិត្តចំពោះការអំពាវនាវជាចំហរ របស់ប្រមុខរាជរដ្ឋាភិបាល ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីចូលរួមចំណែកការពារធនធានធម្មជាតិ នៃកម្ពុជា លើសពីនេះទៅទៀត ប្រមុខរាជរដ្ឋាភិបាល បានប្រកាសជាផ្លូវការដើម្បី បង្កើតនូវយន្តការកិច្ចប្រជុំ ដែលមានរយ:ពេលទៀងទាត់ រវាងស្ថាប័ន និងស្ថាប័នសង្គមស៊ីវិលពាក់ព័ន្ធដើម្បីត្រួតពិនិត្យ ធ្វើបច្ចុប្បន្នភាព និងផ្តល់អនុសាសន៍សមស្របផ្សេងៗ ទាក់ទង់នឹងការការពារធនធានធម្មជាតិ នៅកម្ពុជា ដែលយន្តការនេះនឹងត្រូវដឹកនាំសម្របសម្រួល ដោយលោក សាយ សំអាល់ រដ្ឋមន្រ្តីនៃក្រសួងបរិស្ថាន។
ចំណែក មតិរិះគន់ទាំងពីខាងក្នុង និងខាងក្រៅស្រុកទាក់ទងទៅនឹងការខ្វះចន្លោះ នៃការគ្រប់គ្រងព្រៃឈើនៅកម្ពុជា ឧទាហរណ៍ដូចជាការរិះគន់ពីសំណាក់អង្គការ បរទេសឈ្មោះ អ៊ី អាយ អេ (EIA) គឺមិនសមស្របទៅតាមសភាពការជាក់ស្តែង ក្នុងស្រុកទាំងស្រុងនោះទេ។ អ្នករិះគន់ទាំងនេះ គ្រាន់តែមានចេតនា និយាយបង្អាប់កិច្ចការ របស់រដ្ឋាភិបាលទាក់ទងនឹងការគ្រប់គ្រងព្រៃឈើ ដើម្បីទំលាក់ប្រជាប្រិយភាពផ្នែកនយោបាយ របស់គណបក្សប្រជាជនកម្ពុជាដែល ជាបក្សកាន់អំណាច និងដឹកនាំរដ្ឋាភិបាលតែប៉ុណ្ណោះ នៅក្នុងអំឡុងពេលមុនការបោះឆ្នោតឃុំ-សង្កាត់ នៅឆ្នាំ២០១៧ និងបោះឆ្នោតជាតិ ២០១៨។
ជាអនុសាសន៍ចម្លើយតបនឹងបញ្ហាខាងលើ រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន ត្រូវបន្តបើកចំហរ និងពង្រឹងកិច្ចសហប្រតិបត្តិការទៅគ្រប់ភាគីពាក់ព័ន្ធ ទាំងអស់ដើម្បីបុព្វហេតុការពារព្រៃឈើនៅកម្ពុជា ហើយរដ្ឋាភិបាលត្រូវពង្រឹងការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង និងដាក់ទណ្ឌកម្មប្រឆាំងឧក្រិដ្ឋជនព្រៃឈើ។
ទោះជាយ៉ាងណាក៏ដោយតាមរយៈដំណើរទស្សនកិច្ច និងការបោះជំរុំនាពេលថ្មីៗនេះរបស់ លោកឯកអគ្គរដ្ឋទូតអាមេរិក William Heidt រយៈពេល ២ថ្ងៃ នៅក្នុងតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ ដែលជាទីជម្រកដែនព្រៃដ៏ខៀវស្រងាត់ធំបំផុតនៅក្នុងប្រទសកម្ពុជា។ តាមរយៈគម្រោងគំាទ្រជីវៈចម្រុះ និងថែរក្សាព្រៃរបស់ USAID សហរដ្ឋអាមេរិក បានជួយបណ្តុះបណ្តាលអនុរក្សព្រៃឈើកម្ពុជា ដើម្បីទប់ស្កាត់ការប្រម៉ាញ់សត្វ និងការកាប់ព្រៃខុសច្បាប់ និងធ្វើការជាមួយអ្នកស្រុក ដើម្បីបង្កើតមុខរបរណា ដែលមិនប៉ះពាល់ដល់បរិស្ថាន។ នៅក្នុងវីដេអូផ្សាយ នៅលើហ្វេសប៊ុករបស់ស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា លោកឯកអគ្គរដ្ឋទូត William Heidt បានមានប្រសាសន៍ថា ស្ថានភាពព្រៃឈើនៅតំបន់ព្រៃឡង់នៅតែល្អ ខ្ញុំឃើញថាឆ្នាំកន្លងមកមានការកាប់ ឈើខុសច្បាប់ ប៉ុន្តែនៅតែមានដើមឈើធំៗច្រើន និងជាទូទៅព្រៃឈើនៅតាមមានស្ថានភាពល្អ មិនតែប៉ុណ្ណោះស្ថានទូតអាមេរិកបានផ្តល់ថវិកាដល់គម្រោង អភិវឌ្ឍមួយដើម្បីជួយឧទ្យានុរក្ស ពង្រឹងច្បាប់ព្រៃ ឈើ និងជួយភូមិខ្លះក្នុងការបង្កើតសហគមន៍ព្រៃឈើដែរ៕
ដោយ៖ សួន សិរីវឌ្ឍន៍ អ្នកវិភាគសង្គម