(ភ្នំពេញ)៖ លោក Tan Sri Tony Fernandes នាយកប្រតិបត្តិក្រុមហ៊ុន Air Asia បានប្រាប់នៅក្នុងសន្និសីទសារព័ត៌មាននាទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ឲ្យដឹងថា នៅថ្ងៃអនាគតលោកនឹងពិចារណា ជ្រើសរើសយកមុខម្ហូបខ្មែរ ចំអិនលក់នៅលើយន្តហោះ របស់ក្រុមហ៊ុន អាកាសចរណ៍ Air Asia។ មុខម្ហូបខ្មែរ ដែលអាចជាអាទិភាព ក្នុងការជ្រើសរើសដាក់លក់នៅលើយន្តហោះ គឺសម្លការី (នំបញ្ចុក)។
ការអះអាងរបស់ លោក Tan Sri Tony Fernandes នាពេលនេះបានធ្វើឡើង ក្រោយពេលដែលកម្មវិធី «Air Asia Santan Food Festival» ដែលជា កម្មវិធីដាក់បង្ហាញនូវអាហារ Santan ជាប្រភេទអាហារ ពិសេសរបស់ប្រទេសម៉ាឡេសម្រាប់លើកនៅលើយន្តហោះរបស់ក្រុមហ៊ុន Air Asia បានបិទបញ្ចប់ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧។ ប្រធានក្រុមព័ត៌មានរបស់ Fresh News កញ្ញា ឆេង សូរិយា ក៏ត្រូវបានអញ្ជើញឲ្យចូលរួមកម្មវិធីនេះផងដែរ។
លោកបានបន្តថា ទោះបីជាម្ហូបរបស់កម្ពុជា នៅមិនទាន់មានភាពទូលំទូលាយ និងមានទេចរណ៍ស្គាល់ច្រើនក្តី ប៉ុន្តែគម្រោងដាក់លក់មុខម្ហូបខ្មែរនេះ អាចជាផ្នែកមួយពង្រឹងដល់ទំនាក់ទំនងរវាងកម្ពុជា និងប្រទេសម៉ាឡេស៊ី។
បន្ថែមពីការលើកឡើងនេះ នាយកប្រតិបត្តិនៃក្រុមហ៊ុន AirAsia រូបនេះ ក៏បានលើកឡើងពីសក្តានុពល នៃការរីកចម្រើនលើវិស័យទេសចរណ៍របស់កម្ពុជាផងដែរ។
គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ Air Asia នាពេលបច្ចុប្បន្ន មានការហោះហើរត្រង់ពីទីក្រុងកូឡាឡាំពួរ មកកាន់រាជធានីភ្នំពេញ និងមានការហោះហើរត្រង់ពី ទីក្រុងបាងកក ប្រទេសថៃ មកកាន់រាជធានីភ្នំពេញ និងពីទីក្រុងបាងកក ប្រទេសថៃ ទៅកាន់ទីក្រុងសៀមរាប ហើយនៅពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុនមួយនេះ នឹងបើកការហោះហើរត្រង់ពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ឆ្ពោះទៅក្រុងព្រះសីហនុ ដែលជាទីក្រុងទេសចរណ៍ តំបន់ឆ្នេរផងដែរ៕