(ភ្នំពេញ)៖ យុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល ៤ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧នេះ គណៈកម្មាការធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលបណ្តឹងសរុបចំនួន ២០បណ្តឹង ក្នុងនោះ គណបក្សប្រជាជនកម្ពុជា (CPP) ប្តឹងទៅគណបក្សសង្រ្គោះជាតិ (CNRP) ១៥បណ្តឹង និងគណបក្សសង្រ្គោះជាតិប្តឹងគណបក្សប្រជាជនកម្ពុជា ៥បណ្តឹង។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ការប្តឹងផ្តល់គ្នានេះ កើតមាននៅក្នុងខេត្តបន្ទាយមានជ័យ កំពង់ឆ្នាំង កំពង់ស្ពឺ ព្រៃវែង ខេត្តស្ទឹងត្រែង តាកែវ និងប៉ៃលិន។
បើតាមលោក ហង្ស ពុទ្ធា គណបក្សប្រជាជនកម្ពុជា បានប្តឹងទៅលើគណបក្សសង្រ្គោះជាតិពីបទ៖
១. រារាំងផ្លូវ មិនឲ្យក្បួនឃោសនារបស់គណបក្សប្រជាជនកម្ពុជា ធ្វើសកម្មភាពឃោសនាបោះឆ្នោត
២៖ ការហែកខិត្តប័ណ្ណ
៣៖ ការហែក្បួនខុសគោលដៅ
៤៖ បណ្តេញមេឃុំគាំទ្រគណបក្សប្រជាជនកម្ពុជា មិនឲ្យអង្គុយឃោសនាបោះឆ្នោត
៥៖ ការចុចស៊ីផ្លេម៉ូតូ ឡាន រំខានដល់ការឃោសនា
៦៖ យកម៉ូតូ ឡាន មានស្លាកលេខរដ្ឋ មកឃោសនាបោះឆ្នោត
៧៖ ប្តឹងឲ្យរុះរើសស្លាកគណបក្ស ដែលមានរូប លោក សម រង្ស៊ី ចេញ
ចំណែកគណបក្សសង្រ្គោះជាតិវិញ ប្តឹងគណបក្សប្រជាជនកម្ពុជា ពីបទ៖
១៖ គណបក្សប្រជាជនកម្ពុជា បិទខិត្តប័ណ្ណជាន់លើខិត្តប័ណ្ណគណបក្សសង្រ្គោះជាតិ
២៖ បណ្តេញសកម្មជនគណបក្សសង្រ្គោះជាតិ មិនឲ្យឃោសនាបោះឆ្នោត
តែបើទោះបីជាយ៉ាងណា លោក ហង្ស ពុទ្ធា នៅតែចាត់ទុកយុទ្ធនាការឃោសនារកសំឡេងរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ ថ្ងៃទី២៣ ខែឧសភា គឺមានស្ថានភាពល្អប្រសើរ ដោយសារតែគណបក្សនយោបាយមានភាពចាស់ទុំជាងមុន ហើយ រាល់ពាក្យបណ្តឹង ទោះបីជាមាន ប៉ុន្តែមានការដោះស្រាយជាបន្តបន្ទាប់។
គួរបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ បានប្រព្រឹត្តទៅរយៈពេល៤ថ្ងៃមកហើយ។ ជាការកត់សម្គាល់ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បានធ្វើយុទ្ធនាការផុលផុសជាងគេ ខណៈគណបក្សនយោបាយចំនួន ១០ផ្សេងទៀត ការធ្វើយុទ្ធនាការទ្រង់ទ្រាយតូចប៉ុណ្ណោះ៕