(សៀមរាប)៖ គ្រោះអគ្គិភ័យដែលបានឆាបឆេះតូបលក់កាហ្វេ និងតូបលក់បន្លែ នៅខាងក្រោយផ្សារសាមគ្គី សង្កាត់ស្លរក្រោម ក្រុងសៀមរាប បានរលត់ទៅវិញហើយ នៅវេលាម៉ោងប្រមាណជាង១១ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះ បន្ទាប់ពីកម្លាំងសមត្ថកិច្ច បានជួយអន្តរាគមន៍ទាន់ពេលវេលា។
ស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី ហ៊ូ វ៉ាន់នី បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា សម្រាប់ប្រតិបត្តិការ ពន្លត់អគ្គិភ័យ ខាងលើនេះ កម្លាំងសមត្ថកិច្ចបានប្រើរថយន្តពន្លត់អគ្គិភ័យចំនួន៦គ្រឿង ក្នុងនោះ នគរបាលប្រើអស់៣ឡាន និងអាវុធហត្ថប្រើអស់៣ឡាន។
បើតាមលោកស្នងការ តាមការសន្និដ្ឋានដំបូងអគ្គិភ័យបានកើតឡើង ដោយឆេះចេញពីតូបលក់បន្លែ មូលហេតុគឺទុស្សខ្សែភ្លើង។ យ៉ាងណាក៏ដោយ សម្រាប់ទំហំនៃការខូចខាតវិញ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់បាននៅឡើយទេ រង់ចាំការសួរនាំជនរងគ្រោះសិន៕