(ភ្នំពេញ)៖ ប្រមុខគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា បានសាងសង់សាលារៀនកាន់តែច្រើនចាប់តាំងពីទីក្រុងរហូត ដល់ជនបទ ដើម្បីជួយសម្រួលដល់កូនចៅប្រជាពលរដ្ឋ បានសិក្សារៀនសូត្រគ្រប់ៗគ្នា ដែលផ្ទុយពីគណបក្សនយោបាយមួយចំនួនគ្មានកសាងអ្វីក្រៅតែពីការសន្យាខ្យល់នោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់លើទំព័រ Facebook របស់សម្តេចនៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះថា «យុវជនត្រូវការសិក្សារៀនសូត្រចាំបាច់បំផុត។ បោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា គឺគាំទ្រលើកស្ទួយ និងចូលរួមជួយជំរុញ ការអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សឲ្យកាន់តែខ្លាំងឡើងនៅក្នុងប្រទេស។ នេះមិនមែនជាការឃោសនាសន្យាខ្យល់ទេ តែជាការពិត ព្រោះសមិទ្ធផលសាលារៀន គឺបាននិងកំពុងកសាងជារៀងរាល់ថ្ងៃ មិនដូចបក្សមួយចំនួនកំពុងឃោសនាខ្យល់ ដែលគ្មានបានកសាងអ្វីមួយនៅឡើយសម្រាប់យុវជន ក្មួយៗ និងចៅៗ គឺមិនអាចជឿទុកចិត្តបានឡើយ»។
សូមបញ្ជាក់ថា ក្នុងដំណើរចុះជួបមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធតាមបណ្តាខេត្តនាឆ្នាំ២០១៦កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្រ្តី បានចាត់ចែងសាងសង់អគារសិក្សា អគារទីចាត់ការ អគារស្នាក់នៅរបស់គ្រូ និងសិស្ស ជាបន្តបន្ទាប់ ដើម្បីបំពេញការខ្វះខាតក្នុងការអប់រំរបស់សិស្សានុសិស្ស។ ក្រៅពីការចាត់ចែងផ្តល់អគារសិក្សាហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានចាត់ចែងដំឡើងកម្រិតសាលាពីបឋមសិក្សា ទៅជាអនុវិទ្យាល័យ និងពីអនុវិទ្យាល័យ ទៅជាវិទ្យាល័យផងដែរ។
របាយការណ៍របស់ក្រសួងអប់រំ បានគូសបញ្ជាក់ថា ក្នុងអំឡុងពេលធ្វើដំណើរចុះតាមបណ្តាខេត្តនាឆ្នាំ២០១៦កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អគារសិក្សាសរុប ៣៦៨ខ្នង ស្មើនិង ៤,១៩៤បន្ទប់ ជួសជុលអគារសិក្សា ២៧ខ្នង ស្មើនិង ១០១បន្ទប់ និងសាលប្រជុំ ៣ខ្នង។ របាយការណ៍បន្តថា គិតដល់ត្រឹមខែមីនា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់អគារសិក្សាសរុប ៤,១៤០ខ្នង ស្មើនិង ២៤,១០៥បន្ទប់។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងថា ការសាងសង់សាលារៀន គឺជាបំណងប្រាថ្នារបស់សម្តេចក្នុងពេលធ្វើជាមេដឹកនាំប្រទេសជាតិ ដែលត្រូវតែធ្វើឲ្យបាន ដើម្បីជួយកូនចៅប្រជាពលរដ្ឋខ្មែរឲ្យទទួលបានការអប់រំ ដោយគ្មានការលំបាកដូចពេលសម្តេចនៅកុមារភាព។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កាលនៅកុមារភាពព្រោះតែការខ្វះសាលា និងដើម្បីស្វែងរកចំណេះវិជ្ជា សម្តេចត្រូវឃ្លាតឆ្ងាយពីឪពុកម្តាយ និងផ្ទះសម្បែងក្នុងវ័យ ១៤ឆ្នាំ៕