(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតជូនពរ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងឱកាសបុណ្យខួបកំណើតគម្រប់ ៨៣ឆ្នាំ ឈានចូល ៨៤ឆ្នាំ នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៧ នេះ ។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការី នៃកាកបាទក្រហមកម្ពុជា សូមចូលរួមសម្ដែងនូវសេចក្ដីអំណរសាទរឥតឧបមា និងសូមគោរពជូននូវសព្ទសាធុការពរ បវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរ ចំពោះសម្ដេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបកំណើតគម្រប់ ៨៣ឆ្នាំ ឈានចូល ៨៤ឆ្នាំ នាថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៧ នេះ សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញាញាណភ្លឺថ្លាវាងវៃ និងមានជន្មាយុយឺនយូរ ។
នៅក្នុងឱកាសដ៏វិសេសវិសាលនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការី សូមគោរពសម្ដែងនូវកតញ្ញកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តប្រកបដោយគំរូវីរៈភាពដ៏ឧត្ដុង្គឧត្ដមរបស់ សម្ដេច ដែលបានចូលរួមចំណែកក្នុងការរំដោះប្រទេសជាតិ និងប្រជាជនបានរួចចាកផុតពីរបបប្រល័យពូជសាសន៍ឲ្យមានសុខសន្តិភាព និងស្ថិរភាព។ ជាមួយគ្នានេះ សម្ដេច តែងតែបានខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ក្នុងការដឹកនាំស្ថាប័នរដ្ឋសភា ដើម្បីសម្រេចបានជោគជ័យដ៏ត្រចះត្រចង់ជាបន្តបន្ទាប់ ការកែទម្រង់រដ្ឋស៊ីជម្រៅលើគ្រប់វិស័យប្រកបដោយនីតិកោសល្យ ស្ដារ កសាងសមិទ្ធផលយ៉ាងច្រើនទាំងក្នុងផ្នែកពុទ្ធចក្រ និងផ្នែកអាណាចក្រ សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក៏ដូចជាការអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា ឲ្យមានការរីកចម្រើនជឿនលឿនយ៉ាងឆាប់រហ័សសម្រេចបានបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋគ្រប់ៗរូប៕