(ភ្នំពេញ)៖ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ឲ្យដឹងថា ប្រទេសកម្ពុជាបានជាប់ជាប្រទេសមួយក្នុងចំណោមប្រទេសទាំង៨នៅលើពិភពលោក ដែលមានកំណើនសេដ្ឋកិច្ចរឹងមាំក្នុងអត្រា៧.៧% រយៈពេល២ទសវត្សរ៍ និងបានធ្វើឲ្យកម្ពុជា ក្លាយជាខ្លាសេដ្ឋកិច្ចថ្មីនៅអាសុី។
យោងតាមសេចក្តីប្រកាសព៌ត័មានរបស់ CDC ស្តីពីលទ្ធផលនៃជំនួបរវាងលោក សុខ ចិន្តាសោភា និងមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា ជាមួយគណៈប្រតិភូសភាពាណិជ្ជកម្ម និងឧស្សាហកម្មសឹង្ហបុរី-ចិន ប្រមាណ៤០នាក់ នៅទីស្នាក់ការ CDC ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ លោក សុខ ចិន្តាសោភា បានជម្រាបជូនគណៈប្រតិភូថា «ភាពរីកចម្រើនយ៉ាងរហ័សរបស់កម្ពុជា ដែលជាប្រទេសមួយក្នុងចំណោមប្រទេសឯតទគ្គករកំណើន (Olympian of growth) ទាំង៨ក្នុងពិភាពលោក ដែលមានកំណើនរឹងមាំក្នុងអត្រា៧.៧% ក្នុងរយៈពេល២ទសវត្សរ៍ បានធ្វើឲ្យកម្ពុជាក្លាយជាខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី»។
សូមជម្រាបថា យោងតាមតួលេខ ដែលកត់ត្រាដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ការវិនិយោគរបស់សឹង្ហបុរីនៅកម្ពុជា ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៦ មានចំនួន១៤០គម្រោង មានទុនវិនិយោគសរុបប្រមាណ ៩៥៦លានដុល្លាអាមេរិកស្មើនឹង ១.៦៧% នៃទុនវិនិយោគសរុប។ ដោយឡែក ការវិនិយោគរបស់សឹង្ហបូរី ក្នុងឆ្នាំ២០១៦ គឺមានចំនួន០៧គម្រោង ក្នុងវិស័យទូរគមនាគមន៍, ផលិតកម្មទឹកបរិសុទ្ធធម្មជាតិ, កែច្នៃផលិតផលកៅស៊ូ, ផលិតកម្មកាត់ដេរ, និងថាមពល ក្នុងទឹកប្រាក់វិនិយោគប្រមាណ ១០៤ លានដុល្លារអាមេរិក៕