(ភ្នំពេញ)៖ ក្រសួងបរិស្ថាន នឹងរៀបចំប្រកាសជ័យលាភីសាលាមេត្រីបរិស្ថាន នៅកម្ពុជា នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧នេះ ដែលប្រព្រឹត្តទៅក្នុងសាល ម៉ុក ម៉ារ៉េ ជាន់ទី៥ នៃទីស្ដីការក្រសួង។
តាមសេចក្ដីប្រកាសព័ត៌មានផ្លូវការ ដែលអង្គភាព Fresh News នៅព្រឹកថ្ងៃទី២៤ ខែឧសភានេះ បានបញ្ជាក់ថា ពិធីប្រកាសជ័យលាភីសាលាមេត្រីបរិស្ថាននេះ ធ្វើឡើងក្រោមអធិបតីភាព លោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើននាក់ទៀតផងដែរ។
រដ្ឋមន្ដ្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ ធ្លាប់បានឲ្យដឹងថា សាលាមេត្រីបរិស្ថាន ជាគំនិតមួយដែលផ្តួចផ្តើមជាលក្ខណៈអន្តរជាតិ និងតំបន់ ដើម្បីជម្រុញឲ្យសាលារៀនមានបរិស្ថានស្អាតជានិរន្ត ដោយតម្រូវឲ្យសិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូចូលរួមរៀនអំពីបរិស្ថាន សកម្មភាពក្នុងការញែក និងទុកដាក់សំណល់ឲ្យបានត្រឹមត្រូវតាមគោលការណ៍3Rs ចូលរួមអភិរក្ស និងដាំដើមឈើក្នុងបរិវេណសាលា ការប្រើប្រាស់ធនធានដោយសន្សំសំចៃ ការចូលរួមផ្សព្វផ្សាយតាមសហគមន៍ជុំវិញសាលា ដើម្បីចូលរួមថែរក្សាបរិស្ថានជុំវិញ និងជួយកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងការកើនឡើងកំដៅភពផែនដី៕