(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ ខេត្តបន្ទាយមានជ័យ បានថ្លែងប្រាប់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ដែលជាសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា ត្រូវពង្រឹងសាមគ្គីភាពឯកភាពផ្ទៃឲ្យបានល្អ ដើម្បីចូលរួមថែរក្សា សន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមឲ្យបានរឹងមាំ ហើយមិនត្រូវជឿលើការញុះញង់ មួលបង្កាច់ពីសំណាក់ ជនអគតិមួយចំនួន ដើម្បីបំរើផលប្រយោជន៍នយោបាយ និងបង្កអស្ថិរភាពក្នុងសង្គមនោះទេ។
នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ១៧០០នាក់មកពី២ឃុំ គឺឃុំសំបួរ និងឃុំគោកបល័ង្គ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានលើកឡើងថា «គ្មានគណបក្សនយោបាយណា ដែលមានគោល នយោបាយ បង្រួបបង្រួមជាតិ និងធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍដូចគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងនាយករដ្ឋមន្ត្រីនៃកម្ពុជា»។
នាយឧត្តមសេនីយ៍ បានបន្តថា ក្នុងខេត្តបន្ទាយមានជ័យពីមួយ អាណត្តិទៅមួយអាណត្តិ នៃការបោះឆ្នោតជាតិ និងការរបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ប្រជាពលរដ្ឋតែងតែផ្តល់ទំនុកចិត្តលើ គណបក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំនាវាកម្ពុជា យើងទៅរកការអភិវឌ្ឍន៍តាមមូលដ្ឋាន ឃុំ-សង្កាត់ ដែលពីមុនពុំធ្លាប់មានសោះឥឡូវមានផ្លូវ ស្ពាន សាលារៀន មណ្ឌលសុខភាព ប្រព័ន្ធ ទឹក ភ្លើង ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរីកឡើងដូចផ្សិត និងសមិទ្ធិផលនានាជាច្រើនទៀត ដែលបំរើឲ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។
នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានបញ្ជាក់ថា ប្រទេសកម្ពុជាធ្លាប់មានសង្គ្រាមជាយូរលង់មកហើយ ដែលធ្វើឱ្យប្រជាពលរដ្ឋយើងស្លាប់ បែកបាក់ក្រុមគ្រួសារ និងប្រទេសជាតិរងការបំផ្លិចបំផ្លាញខ្ទេចទ្ទី គ្មានសល់អ្វីឡើយ ដោយសារតែសង្គ្រាមផ្ទៃក្នុងខ្លួនឯង បានកាប់សម្លាប់ប្រជាជនស្លូតត្រង់ មិនញញើតដៃធ្វើឲ្យប្រទេសធ្លាក់ក្នុងភាពខ្មៅងងឹតគ្មានពន្លឺរយៈ៣ឆ្នាំ ៨ខែ ២០ថ្ងៃ នេះក៏ដោយសារតែអ្នកដឹកនាំគ្មានគិតតែពីប្រជាខ្លួន មិនគិតពីសុខទុកប្រជាពលរដ្ឋ បក្ខពួកនិយម ស្ថិតក្រោមភាពល្ងង់ខ្លៅ។
នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានគូសបញ្ជាក់ទៀតថា មានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ដែលមានស្នាដៃ ធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាពរឹងមាំ និងបានកសាងអភិវឌ្ឍន៍ រីកចំរើនលើគ្រប់វិស័យ ហើយបច្ចុប្បន្ននេះគ្មានគណបក្សណា មានសមត្ថភាពដឹកនាំចង្កូតនាវាកម្ពុជាជំនួស គណបក្សប្រជាជនកម្ពុជាបានឡើយ។
ទន្ទឹមនេះលោកបានប្រាប់បងប្អូនប្រជាពលរដ្ឋត្រូវត្រៀមលក្ខណៈឯកសារបំរើឱ្យការបោះឆ្នោតដែល គ.ជ.ប បានកំណត់ឱ្យបានគ្រប់ៗគ្នាដើម្បី បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៤ មិថុនា ឆ្នាំ២០១៧ ខាងមុខឱ្យបានគ្រប់ៗគ្នា ដើម្បីបន្តដឹកនាំ និងកសាងអភិវឌ្ឍន៍មូលដ្ឋាន របស់បងប្អូនឱ្យកាន់តែរីកចំរើនឡើងថែមទៀត៕