(កំពង់ឆ្នាំង)៖ កម្លាំងនគរបាល និងកម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះ បានហៅមនុស្សចំនួន៥នាក់ មកសួរនាំពាក់ព័ន្ធអំពើឃាតកម្ម បាញ់រះជាង១០គ្រាប់ ដោយកំាភ្លើង AK ចូលទីស្នាក់ការរដ្ឋបាលព្រៃឈើក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីយប់មិញ ប៉ុន្ដែមនុស្សទាំង៥នាក់នេះ មិនទាន់ដឹងថា អាចពាក់ព័ន្ធក្នុងករណីនេះនោះទេ។
សូមបញ្ជាក់ថា ការបាញ់រះចូលទីស្នាក់ការ សង្កាត់រដ្ឋបាលព្រៃឈើក្រាំងស្គារ ដែលស្ថិតនៅភូមិក្ដុល ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីយប់មិញនោះ បានបណ្ដាលឲ្យមន្ដ្រីសង្កាត់រដ្ឋបាលព្រៃឈើក្រាំងស្គារ លោក សឹង ហាត់ បានស្លាប់ និងបណ្ដាលឲ្យមន្ដ្រីអាវុធហត្ថម្នាក់ រួមជាមួយពលរដ្ឋ២នាក់ទៀត រងរបួសធ្ងន់ (មិនមែនជាមន្ដ្រីយោធានោះទេ)។
ស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ ឡុច សុវណ្ណា បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២៤ ខែឧសភានេះថា ជនសង្ស័យចំនួន៥នាក់ ត្រូវបានសមត្ថកិច្ចហៅមកសួរនាំ ក្នុងនោះមន្ដ្រីនគរបាលរបស់លោក សួរនាំ២នាក់ មានស្រីម្នាក់ និងមន្ដ្រីអាវុធហត្ថសួរនាំ៣នាក់ ប៉ុន្ដែមិនទាន់បានចម្លើយពីពួកគេ ពីជាប់ពាក់ព័ន្ធទៅនឹងការបាញ់ប្រហារខាងលើនេះនៅឡើយទេ។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ការបាញ់រះកាលពីយប់មិញនេះ កម្លាំងសមត្ថកិច្ចបានសន្និដ្ឋានជំហានដំបូងថា ផ្ដើមចេញពីរឿងគំនុំ ប៉ុន្ដែមិនទាន់ដឹងលម្អិតនោះឡើយ ទាល់តែចាប់បានជនល្មើសមកសួរចម្លើយទើបដឹងច្បាស់ ហើយនៅពេលនេះ កម្លាំងសមត្ថកិច្ចបាន និងកំពុងប្រឹងប្រែងយកចិត្តទុកដាក់បំផុត ដើម្បីតាមចាប់ជនដៃដល់។
លោកឧត្តមសេនីយ៍ ឡុច សុវណ្ណា បានបញ្ជាក់ថា ជនដៃដល់បានបាញ់ជាង១០គ្រាប់ ហើយនៅកន្លែងកើតហេតុកម្លាំងសមត្ថកិច្ច បានរកឃើញសំបកកន្ទុះចំនួន១២គ្រាប់។
សម្រាប់ហេតុការណ៍ បាញ់រះកាលពីយប់មិញនេះ ស្នងការនគរបាលខេត្ត បានបញ្ជាក់ជាផ្លូវការថា ស្លាប់ម្នាក់ គឺជាមន្ដ្រីរដ្ឋបាលព្រៃឈើសង្កាត់ក្រាំងស្គារ និង៣នាក់ទៀត រងរបួសកំពុងសម្រាកព្យាបាលក្នុងនោះ មានមន្ដ្រីអាវុធហត្ថម្នាក់ និងប្រជាពលរដ្ឋ២នាក់ទៀត ដែលមិនមែនជាមន្ដ្រីយោធាដូចសេចក្ដីរាយការណ៍ពីដំបូងឡើយ។ លោកថា ប្រជាពលរដ្ឋទាំង២នាក់នេះ បានរងរបួសដោយសារតែគ្រាប់ផ្លាតត្រូវ។
ជនរងគ្រោះទាំង៣នាក់ ដែលរងរបួសរួមមាន៖ ទី១-ឈ្មោះ អ៊ុក ណាត់ ជាមន្រ្តីអាវុធហត្ថ ទី២-ឈ្មោះ លូ គឹមលន និងទី៣-ឈ្មោះ ម៉ៅ សារ៉ាត់ ដែលជាប្រជាជន។
មន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងផងដែរថា ជនសង្ស័យស្លៀកពាក់ប៉ារ៉ា ហើយចូលទៅបាញ់រះជាច្រើនគ្រាប់ ខណៈដែលមន្ដ្រីរដ្ឋបាលព្រៃឈើ និងមន្ដ្រីអាវុធហត្ថ នៅក្នុងទីស្នាក់ការ។ សម្រាប់សពជនរងគ្រោះម្នាក់ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ខណៈ៣នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។
ជាមួយគ្នានេះបើតាមប្រភព័ត៌មានបានឲ្យដឹងថា ករណីបាញ់ប្រហារនេះផ្តើមចេញពីរឿងស្នេហាត្រីកោណ ដោយជនរងគ្រោះមានទំនាក់ទំនង ជាមួយនារីម្នាក់ ជាចុងភៅ ខណៈនាងមានគូកំណាន់ជាមន្រ្តីយោធាម្នាក់ទៀត៕