(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចលុបបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ចំនួន ៨៨រូប ដោយសារតែបេក្ខជនទាំងនោះ មិនបំពេញទៅតាមលក្ខខណ្ឌច្បាប់ស្តីពីការបោះឆ្នោត និងខ្លះទៀតបានលាឈប់ និងមរណភាព។
យោងតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលអង្គភាព Fresh News ទទួលបាននាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា បេក្ខជនឈរឈ្មោះបោះឆ្នោតដែលបានលុបឈ្មោះនេះ រួមមាន៖ បេក្ខជនមិនទាន់គ្រប់អាយុ២៥ឆ្នាំ គិតត្រឹមថ្ងៃបោះឆ្នោតឃុំ-សង្កាត់ ចំនួន៦៣នាក់, បេក្ខជនឈរឈ្មោះឲ្យគណបក្សនយោបាយ រហូតដល់ទៅពីរគណបក្សមានចំនួន៤នាក់ និងបេក្ខជនលាឈប់ និងទទួលមរណភាពចំនួន២១នាក់។
បេក្ខជនដែលបានលុបឈ្មោះនេះមកពីគណបក្សនយោបាយចំនួន៧ រួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបកក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សខ្មែររួបរួមជាតិ និងគណបក្សសញ្ជាតិកម្ពុជា។
បើតាម គ.ជ.ប បេក្ខជន ៤នាក់ ដែលឈរឈ្មោះជាបេក្ខជនបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឲ្យគណបក្សនយោបាយរហូតដល់ទៅពីរគណបក្សនោះមាននៅក្នុងឃុំលើកដែក ស្រុកលើកដែក ខេត្តកណ្ដាល បេក្ខជនម្នាក់ ឈរឈ្មោះឲ្យគណបក្សអំណាចខ្មែរផង និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យផង។
នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បេក្ខជនម្នាក់ ឈរឈ្មោះឲ្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យផង និងគណបក្សខ្មែររួបរួមជាតិផង។ ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បេក្ខជនម្នាក់ ឈរឈ្មោះឲ្យគណបក្សសង្គ្រោះជាតិផង និងគណបក្សខ្មែររួបរួមជាតិផង និងនៅឃុំព្រះធាតុ ស្រុកស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បេក្ខជនម្នាក់ ឈរឈ្មោះឲ្យគណបក្សហ៊្វុនស៊ិនប៉ិចផង និងគណបក្សខ្មែររួបរួមជាតិផង។
សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤នេះ ដែលឈានមកដល់នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ មានគណបក្សនយោបាយចំនួន១២ ដាក់បេក្ខភាពជាង៩ពាន់នាក់ ចូលរួមប្រកួតប្រជែងយកតំណែងក្រុមប្រឹក្សាឃុំ សង្កាត់នៅទូទាំងប្រទេស ១,៦៤៦ឃុំ-សង្កាត់៕