(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងលោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គិសនីកម្ពុជា បានប្រាប់ក្រុមកម្មករ-កម្មការិនី រោងចក្រ ឲ្យចេះរួមសាមគ្គីគ្នា ចេះជួយគ្នា និងជួយដាស់តឿនគ្នាទៅវិញទៅមក ទើបរក្សាឆ្នាំងបាយរបស់យើង បានយូរអង្វែង។ បើមានបញ្ហាអ្វីកើតឡើង ត្រូវរួមគ្នាធ្វើ រួមគ្នាដោះស្រាយទៅតាមនីតិវិធីសមស្របមិនត្រូវរួមគ្នាទៅវាយឆ្នាំងបាយ ដែលបម្រើប្រយោជន៍សព្វថ្ងៃនោះទេ បើមិនដូច្នេះច្បាស់ ជាដាច់ពោះស្លាប់ទាំងអស់ជាក់ជាមិនខាន។
លោក ម៉ៅ ធនិន និងលោក កែវ រតន ថ្លែងបែបនេះក្នុងឱកាសជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយតំណាងកម្មករ-កម្មការនី ជាង៥០០នាក់ នៅក្នុងរោងចក្រកាត់ដេរ តៃស៊ីអ៊ីហ្ស៊ី ដែលមានទីតាំងក្នុងឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីធ្វើការពិភាក្សាដោះស្រាយ និងសម្របសម្រួលបញ្ហាប្រឈមមួយចំនួននៅក្នុងរោងចក្រ ការសំណេះសំណាលនេះ ក៏មានភាគីតំណាងរោងចក្រ គឺលោក លឹម ជា លោក វីន សុន និងថ្នាក់ដឹកនាំបណ្តាមន្ទីរ កងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរស្រុក ឃុំ ដែលមានការពាក់ព័ន្ធ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧។
លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត បានជម្រាបជូនដល់បងប្អូនកម្មករ-កម្មការិនីថា កន្លងមកនេះ រដ្ឋបាលថ្នាក់ខេត្ត និងក្រុមការងារបានទទួលយក សំណើរ និងសំណូមពរទាំង១២ចំណុច ទៅធ្វើការសម្របសម្រួលជាមួយតំណាងភាគីរោងចក្រ ដែលក្នុងនោះក៏មានតំណាងកម្មករ-កម្មការនី ចំនួន៦០នាក់ បានចូលរួមផងដែរ។ ជាលទ្ធផលឃើញថាសំណូមពរមួយចំនួនបានដោះស្រាយរួច និងមួយចំនួនទៀតកំពុងដោះស្រាយបន្ត ដើម្បីឲ្យតំណាងរោងចក្រសុំគោលការណ៍ពីថ្នាក់លើសិន។ ទោះជាយ៉ាងនេះក្តី កម្មករ-កម្មការនីបានអបអរសាទរ និងបានធូរក្នុងចិត្តច្រើនចំពោះ ចំណាត់ការរបស់រដ្ឋបាលខេត្ត និងក្រុមការងារ ដូចជាការឈប់ជេរប្រមាថ កំណត់បរិមាណផលិតផលស្របទៅនឹងសមត្ថភាពការងារ។
លោក ម៉ៅ ធនិន និងលោក កែវ រតនៈ បានថ្លែងថា រោងចក្រទាំងអស់នៅក្នុងប្រទេសកម្ពុជា ក្នុងនោះក៏មាននៅក្នុងខេត្តពោធិ៍សាត់ យើងផងដែរ មិនចេះតែកើតមានបាននោះទេ បើសិនជាគ្មានសុខសន្តិភាព និងស្ថេរភាព។ យ៉ាងណារោងចក្រ តៃស៊ីអ៊ីហ្ស៊ី ស្រុកក្រគរ បើគ្មានការខិតខំរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគៀងគរវិនិយោគទេនោះ ក៏គ្មានរោងចក្រដ៏ធំនេះ បានរហូតមកដល់សព្វថ្ងៃបានដែរ ហើយកូនចៅប្រជាជន យើងប្រឈមទៅនឹងគ្មានការងារធ្វើ និងធ្លាក់ក្នុងស្ថានភាពក្រីក្រ។ ខេត្តពោធិ៍សាត់យើងមានរោងចក្រ ដែលអាចនិយាយបានថា គឺជាឆ្នាំងបាយរួម សម្រាប់យើងទាំងអស់គ្នា មានការងារធ្វើស្របច្បាប់ នៅក្បែផ្ទះផ្តល់ភាពកក់ក្តៅដល់ឳពុក ម្តាយមិនព្រួយកូនចៅទៅឆ្ងាយ បើយើងមាឆ្នាំបាយដ៏រឹមមាំ នេះហើយ សូមឲ្យកម្មករ-កម្មការិនីទាំងអស់ ចូលរួមថែរក្សាឆ្នាំងបាយនេះឲ្យបានយូរអង្វែង និងជាប់ជាប្រចាំកុំនាំគ្នាទៅវាយឆ្នាំងបាយតាមការ ញុះញង់ពីសំណាក់ជនអគតិមួយចំនួន តែងតែបង្កភាពហ្វឹកវរក្នុងសង្គម។
លោកទាំងពីរបានថ្លែងទៀតថា រោងចក្រដ៏ធំ ដែលមានកម្មករ-កម្មការិនីជាង៦ពាន់នាក់ តែងតែមានការខុសឆ្គងប៉ះពាល់ពាក្យសម្តី និងទំហំការងារ ពីសំណាក់មេការ និងអ្នកគ្រប់គ្រងតែទោះជាយ៉ាងនេះក៏ដោយ ក្មួយៗនៅមានរដ្ឋបាលខេត្ត និងក្រុមការងារ សម្រាប់សម្របសម្រួល និងដោះស្រាយនូវរាល់បញ្ហាប្រឈមនានា តាមរយៈការជួបផ្ទាល់ និងតាមរយៈទូរស័ព្ទក៏បាន គឺមិនឲ្យក្មួយៗ រស់នៅដោយឯកោនោះឡើយ។
ថ្នាក់ដឹកនាំទាំងពីរ ក៏បានជម្រាបជូនផងដែរថា ក្នុងរយៈពេល៦សប្តាហ៍ គឺត្រូវជួបគ្នាម្តងដើម្បីបានប្រាស្រ័យទាក់ទង និងសួរសុខទុក្ខ និងជម្រះមន្ទិល សង្ស័យពោលគឺយើងត្រូវរួមសាមគ្គីជួយគ្នា និងដាស់ទឿនគ្នាទើបទទួលបានផលប្រយោជន៍ទាំងអស់គ្នាប្រកបដោយតម្លាភាពទាំងអស់គ្នា។ នៅក្នុងខណៈនោះ ថ្នាក់ដឹកនាំទាំងពីរ និងប្រតិភូរួមដំណើរ បានអញ្ជើញទៅកាន់អគារកាត់ដេរនៅក្នុងរោងចក្រចំនួន២ ដែលកម្មករ កម្មការិនី កំពុងបម្រើការងារយ៉ាងមមាញឹកតាមជំនាញរៀងៗ ខ្លួនប្រកបទៅដោយទឹកមុខរីករាយ៕