(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះ បានដឹកនាំមន្រ្តីជំនាញ ចុះសំណេះសំណាល និងពិនិត្យផលប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយផ្លូវរថភ្លើង ក្នុងគម្រោងអភិវឌ្ឍន៍ផ្លូវដែក ស្ថិតក្នុងខណ្ឌឫស្សីកែវ។
ក្នុងឱកាសចុះសំណេះសំណាលនេះ ប្រជាពលរដ្ឋ បានស្នើលោកអភិបាលរាជធានី ជួយដោះស្រាយផលប៉ះពាល់ ដល់ពួកគាត់ឲ្យបានឆាប់រហ័ស និងប្រាប់ពីគម្រោង ការផ្លាស់ទីលំនៅរបស់ពួកគាត់ ដើម្បីឲ្យពួកគាត់សប្បាយចិត្ត។ ជាងនេះទៅទៀត ប្រជាពលរដ្ឋក៏បានបង្ហាញនូវការ គាំទ្រចំពោះគម្រោង អភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល តាមរយៈសាលារាជធានីភ្នំពេញ ដែលបាននិងកំពុងអភិវឌ្ឍន៍តំបន់ផ្លូវដែក ក្នុងខណ្ឌឫស្សីកែវនេះផងដែរ។
ជាការឆ្លើយតប លោក ប៉ា សុជាតិវង្ស បានសន្យាចំពោះប្រជាពលរដ្ឋ នៅក្នុងតំបន់នោះថា អាជ្ញាធររាជធានី នឹងខិតខំដោះស្រាយបញ្ហា ជូនពួកគាត់ឲ្យបានឆាប់ចប់ ដោយបន្តសិក្សាពីផលប៉ះពាល់ និងដោះស្រាយបន្តិចម្ដងៗឲ្យបានចប់សព្វគ្រប់។
ក្នុងនោះលោកអភិបាល បានប្រាប់ប្រជាជនថា កុំឲ្យភ័យពីរឿងបាត់បង់លំនៅឋាន បើគម្រោងអភិវឌ្ឍន៍ប៉ះពាល់អស់ផ្ទះ លោកនឹងផ្តល់ផ្ទះឲ្យ ដោយនៅក្នុងសង្កាត់ដដែល គឺនៅមិនឆ្ងាយពីកន្លែងចាស់នោះទេ៕