(ក្រចេះ)៖ ថ្នាក់ដឹកនាំ និងសកម្មជនរបស់គណបក្សសង្គ្រោះជាតិចំនួន៤នាក់ ដែលជាមុខសញ្ញាចែកចាយថ្នាំញៀន ហើយបម្រុងនឹងចូលរួមឃោសនា រកសំឡេងឆ្នោតនោះ ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះបង្ក្រាបបាន នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិអូរឬស្សី២ សង្កាត់អូរឬស្សី ក្រុងក្រចេះ។
លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថា បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២៤ ខែឧសភានេះថា ជនសង្ស័យដែលកម្លាំងជំនាញឃាត់ខ្លួនបាននេះ ទី១៖ឈ្មោះ ឈឿន អង់ អាយុ២៤ឆ្នាំ មានទីលំនៅភូមិកាប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ និងទី២៖ឈ្មោះ សន សាមមុត អាយុ១៨ឆ្នាំ រស់នៅភូមិស្រែស្តៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ ដកហូតបានម៉ូតូ០១គ្រឿង ម៉ាកHonda C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1H-9576 និងថ្នាំញៀនប្រភេទម៉ាទឹកក ០២កញ្ចប់ ដែលពូកគេទាំងនេះជាថ្នាក់ដឹកនាំ និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិតែម្តង។
បើតាមលោកឧត្តមសេនីយ៍មេបញ្ជាការ បន្ទាប់ពីមានចម្លើយសារភាព និងមានការសម្របសម្រួលពី លោក ជា សុភ័ក្រ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តផងនោះ នៅរសៀលថ្ងៃដដែល កម្លាំងរបស់លោក បានបន្ដឃាត់ខ្លួនជនសង្ស័យ២នាក់ទៀត, ឈ្មោះ សេង ញាញ់ អាយុ២០ឆ្នាំ រស់នៅភូមិអូរឬស្សី១ សង្កាត់អូរឬស្សី ក្រុងក្រចេះ និងម្នាក់ទៀតឈ្មោះ ពែ យ៉ុង អាយុ៥៣ឆ្នាំ រស់នៅភូមិអន្លងវែង ឃុំកន្ទួត ស្រុកជាំក្សាន្ត ក្នុងនោះដកហូតបាន ម៉ូតូ១គ្រឿង ម៉ាកZoomer-X ពណ៌ខ្មៅគ្មានពាក់ស្លាកលេខ និងថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន១៤កញ្ចប់។
មេបញ្ជាការអាវុធរូបនេះ បានបញ្ជាក់ថា ក្រោយឃាត់ខ្លួនរកឃើញថា ជនសង្ស័យទាំង៤នាក់នេះ គឺជាសកម្មជនរបស់គណបក្សសង្គ្រោះជាតិ ព្រោះតែកម្លាំងដកហូតបាន កាតគណបក្ស, អាវគណបក្ស, មួកគណបក្ស និងស្លាកសញ្ញាគណបក្ស។ បន្ថែមពីនេះក្រុមជនសង្ស័យបានសារភាពថា រូបគេនឹងចូលរួមយុទ្ធនាការឃោសនា ស្វែងរកសំឡេងឆ្នោតជូនគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះផងដែរ ដែលដឹកនាំដោយ លោក សុន ឆ័យ ជាថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូបរបស់គណបក្សសង្គ្រោះជាតិ៕