(ភ្នំពេញ)​៖ សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ ខែ​ឧសភា​ ឆ្នាំ២០១៧នេះ​ បើក​សវនាការ​រឿង​ក្ដី​មន្ត្រី​អាដហុក​៤រូប​ ដែល​ប្តឹង​ប្រឆាំង​នឹង​ការ​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​បន្ត​ឃុំ​ខ្លួន​៦ខែ​ទៀត​។ សវនាការនេះមិនមានលោក នី ចរិយា នោះទេ។

ក្រុម​អ្នក​សារព័ត៌មាន​ ពុំ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​បរិវេណ​សាលាឧទ្ធរណ៍​ទេ​ ។

គួរ​បញ្ជាក់​ថា​ ក្នុង​សំណុំ​រឿង​នេះ​ មាន​ជនត្រូវចោទ​៥នាក់​ ដែល​មាន​លោក នី​ ចរិយា​ អគ្គ​លេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ម្នាក់​ផង​ ហើយ​ត្រូវ​បាន​តុលាការ​រកឃើញថា​ បាន​បញ្ចុះបញ្ចូល​ ឬ​ លួងលោម​ កញ្ញា​ ខុម​ ចាន់​តារាទី​ ហៅ​ស្រី​មុំ​ មិន​ឲ្យ​និយាយ​ការ​ពិត​ដល់​សមត្ថកិច្ច​ ចំពោះ​រឿង​អាស្រូវ​ផ្លូវ​ភេទ​របស់​លោក​ កឹម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ។

តុលាការ​ចោទប្រកាន់​ពួកគេ​ពី​បទ​សូកប៉ាន់​សាក្សី​ និង​ សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​៕