(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបន្តប្រកាសតាមរយៈ Facebook ផ្លូវការរបស់សម្តេចថា នឹងជិះលើរថយន្តធុនធំអត់ដំបូល ចេញហែក្បួនឃោសនារកសម្លេងឆ្នោតនៅភូមិសាស្រ្ត រាជធានីភ្នំពេញ នាថ្ងៃបិទបញ្ចប់នៃការឃោសនា ពោលគឺថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ ចំណែកសម្រាប់ការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០១៨ សម្តេចក៏បានប្រកាសដែរថា នឹងទៅកាន់ខេត្តនានា ទូទាំងប្រទេស។
សម្តេចតេជោ ហ៊ុន សែន បានសរសេរប្រកាសនៅលើ Facebook យ៉ាងដូច្នេះថា «ចំណាំសញ្ញា គណបក្សប្រជាជនកម្ពុជា «ទេវតាបាចផ្កា» យើងបោះឆ្នោតអោយគណបក្សប្រជាជនទាំងអស់គ្នា! សុំអរគុណក្មួយ Vitou sor ដែលចង់ឃើញពូធ្វើយុទ្ធនាការរកសម្លេងឆ្នោតនៅខេត្តសៀមរាប។ ដោយ សារពេលវេលាមានកំណត់ ឆ្នាំនេះពូចូលរួមហែរក្បួនបិទយុទ្ធនាការនៅរាជធានីភ្នំពេញ ថ្ងៃ២ ខែមិថុនា ឆ្នាំ ២០១៧។ ពូនឹងធ្វើដំណើរលើរថយន្តធុនធំ អត់ដំបូលដូចសមាជិកបក្សផ្សេងទៀតដែរ»។
ជាមួយនោះផងដែរ តាមរយៈ Facebook, សម្តេចតេជោ ហ៊ុន សែន បានណែនាអំពីរូបសញ្ញាគណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតកុំឲ្យភាន់ច្រឡំ។ សម្តេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់យ៉ាងដូច្នេះ៖ «ដោយពិនិត្យឃើញថាបងប្អូន យើងមួយចំនួននៅបន្តស្រឡាញ់លេខ(៤) ដែល ជាលេខរៀងគណបក្ស យើងចាប់ឆ្នោតបាននៅឆ្នាំ២០០៨ និងឆ្នាំ២០១៣ ហើយប្រសិនជាបងប្អូន បោះឆ្នោតឲ្យលេខ(៤) អាចនឹងខុស ព្រោះការចាប់ឆ្នោតតាមឃុំនិមួយៗមិនដូចគ្នាទេ ឃុំខ្លះលេខ(១) ឃុំខ្លះលេខ(៣) ឃុំខ្លះ លេខ(៤) ឬលេខ(៥)ឬលេខ(៦) ឬលេខ(៧)ឬលេខ(៨)។ល។ បងប្អូនចំណាំសញ្ញាគណបក្សយើងដែលមានសញ្ញាទេវតាបាចផ្កាជាការល្អជាង។ សំរាប់ការ បោះឆ្នោត ថ្នាក់ជាតិជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០១៨ មិនទាន់ចាប់ឆ្នោតនៅឡើយ។ ខ្ញុំសូមជូនឧទាហរណ៍បោះឆ្នោតឆ្នាំ១៩៩៣ គណបក្យប្រជាជនបានលេខរៀងទី(១)។ ឆ្នាំ១៩៩៨លេខ រៀងទី (៣៥)។ ឆ្នាំ២០០៣លេខរៀងទី(១៧) ។ឆ្នាំ២០០៨លេខរៀងទី(៤)។ ឆ្នាំ២០១៣លេខ រៀងទី(៤)។ សំរាប់ឆ្នាំ២០១៨ យើងមិនទាន់ដឹងថា នៅលេខរៀងទីប៉ុន្មាននៅឡើយ។ វិធីតែមួយគត់ដែលផ្តល់ការងាយស្រួលសំរាប់បងប្អូនគឺចំណាំសញ្ញាគណបក្ស ដែលមានរូបទេវតាបាចផ្កាសំរាប់ការបោះឆ្នោត ឃុំសង្កាត់ ថ្ងៃ៤ មិថុនា ២០១៧ ខាងមុខនេះដែលឃុំនិមួយៗមានលេខរៀងខុសៗគ្នា៕