(សៀមរាប)៖ កូនឈើព្រៃ និងឈើហូបផ្លែចំនួន ៥ម៉ឺនដើម ត្រូវបានដាក់ដាំនៅលើឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម ភ្នំគូលែន ដើម្បីអបអរសាទរនូវការប្រារព្ធ ទិវាជីវៈចម្រុះអន្តរជាតិ ២២ឧសភាផង និងយកឱកាសនេះថ្លែងអំណរគុណទៅដល់កិច្ចខិតខំ ប្រឹងប្រែងរបស់មន្ត្រីជំនាញនៃក្រសួងបរិស្ថាន ដែលបានលះបង់ទាំងកម្លាំងបញ្ញា ស្មារតី និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងកិច្ចការអភិរក្សធនធានជីវៈចម្រុះផង។
ពិធីដាំកូនឈើនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកបណ្ឌិត ម៉ុង ឬទ្ធី ប្រធានគណៈកម្មការទី៣ ព្រឺទ្ធសភា ដោយមានការចូលរួមពីអាជ្ញាធរខេត្ត អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងសិស្ស និស្សិតសរុបប្រមាណជាង១០០០នាក់ ដែលការដាំកូនឈើនាពេលនេះ ធ្វើឡើងក្នុងគោលបំណងដាំស្តារមកវិញនូវព្រៃឈើ ដែលបានបាត់បង់ដោយការទន្ទ្រានយកដីធ្វើចំការ និងដើម្បីធ្វើឱ្យកកើតឡើង នូវធនធានជីវៈចម្រុះដែលមានក្នុងតំបន់នេះ។
នាឱកាសនោះលោករដ្ឋមន្ត្រី ក៏បានបញ្ជាក់បន្ថែមថា ការដាំស្តារព្រៃឈើឡើងវិញនេះ ក៏នឹងជួយទៅដល់ការធានាបាននូវនិរន្តរភាព នៃការផ្គត់ផ្គង់ទឹកសម្រាប់ ប្រជាសហគមន៍ដែលរស់នៅលើភ្នំគូលែន ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តសៀមរាបទាំងមូល ព្រោះថា មុខងាប្រព័ន្ធអេកូឡូស៊ីរបស់ភ្នំគូលែន គឺជាប្រភពផ្តល់ទឹកសាបយ៉ាងសំខាន់ទៅដល់ខេត្តសៀមរាប និងអត្ថប្រយោជន៍ដ៏សំខាន់មួយទៀតនោះ គឺការការពារបាននូវសម្បត្តិបេតិកភណ្ឌនៅលើភ្នំគូលែន ដែលនឹងជួយទៅដល់ការអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិ និងវប្បធម៍។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ពេលណាដែលវិស័យទេសចរណ៍នៅទីកន្លែងនេះកាន់តែរីកចម្រើន ប្រជាពលរដ្ឋក៏មាន ជម្រើសកាន់តែ ច្រើនក្នុងការបង្កើតមុខរបរសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ពួកគាត់ ដូចជាការចិញ្ចឹមសត្វធ្វើជាម្ហូបអាហារ និងការបង្កើតផ្ទះស្នាក់ សហគមន៍ជាដើម សម្រាប់បម្រើដល់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ដែលផ្លូវនេះហើយនឹងជួយបាន ទាំងការលើកកម្ពស់ជីវភាពប្រជាសហគមន៍ និងការរក្សាបាននូវធនធានជីវៈចម្រុះ និងព្រៃឈើក្នុងតំបន់នេះផងដែរ។
សូមបញ្ជាក់ថា កូនឈើដែលបានដាំនេះគឺមានទាំងប្រភេទឈើព្រៃ និងឈើហូបផ្លែ សរុបចំនួន៥ម៉ឺនដើម ដែលដាក់ដាំលើទីតាំងចំនួន៤ នៃឃុំត្បែង ស្រុកបន្ទាយស្រី និងឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប សរុបផ្ទៃដីជាង១៦ហិកតា៕