(កំពង់ឆ្នាំង)៖ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើក្រាំងស្គារ ស្ថិតនៅឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលរងការបាញ់រះបានស្លាប់ហើយ ខណៈជនរងគ្រោះ៣នាក់ទៀតកំពុងជួយសង្គ្រោះ។
សូមបញ្ជាក់ថា នៅយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧នេះ ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ ប្រដាប់ដោយកាំភ្លើង AK បានបើកការបាញ់រះចូលទីស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បណ្តាលឲ្យ មន្រ្តីសង្កាត់រដ្ឋព្រៃឈើក្រាំងស្គារ លោក សឹង ហាត បានស្លាប់ និងបណ្តាលឲ្យមន្រ្តីអាវុធហត្ថម្នាក់ យោធាម្នាក់ និងពលរដ្ឋម្នាក់រងរបួសធ្ងន់។ នេះជាការបញ្ជាក់របស់ស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោក ឡុច សុវណ្ណារ៉ា។
បើតាមមន្រ្តីនគរបាល ខ្មាន់កាំភ្លើងស្លៀកពាក់ឯកសណ្ឋានប៉ារ៉ាប្រដាប់ដោយអាវុធ បានចូលមកបាញ់រះ នៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើក្រាំងស្គារស្ថិតនៅក្នុងភូមិក្ដុល ឃុំក្រាំស្គារ ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅតំបន់នោះ។
លោកស្នងការបានបញ្ជាក់ថា នៅពេលនេះកម្លាំងសមត្ថកិច្ចកំពុងកំណត់មុខសញ្ញា ដើម្បីតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។ យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់ពីមូលហេតុ នៃការបាញ់ប្រហារខាងលនេះទេ៕