(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា បានស្នើដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស និងរោងចក្រនៅកម្ពុជាទាំងអស់ ផ្តល់វេលាឲ្យបុគ្គលិករបស់ខ្លួនទាំងអស់ បានចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ដែលឈានចូលមកដល់នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ។
នៅក្នុងសេចក្តីអំពាវនាវរបស់គណបក្សប្រជាជនកម្ពុជា ដែលធ្វើឡើងនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧នេះ បានគូសបញ្ជាក់ថា ការផ្តល់ពេលវេលាឲ្យបុគ្គលិកបានទៅចូលរួមបោះឆ្នោតពីសំណាក់ម្ចាស់ក្រុមហ៊ុន សហគ្រាស និងរោងចក្រ គឺជាការចូលរួមចំណែកអនុវត្តន៍នូវលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។
សូមបញ្ជាក់ថា ច្បាប់ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃការបោះឆ្នោតដែលបានកែប្រែថ្មី បានអនុញ្ញាតឲ្យកម្មករ កម្មការិនី អាចចុះឈ្មោះ និងបោះឆ្នោតនៅតាមទីតាំង ដែលពួកគេកំពុងបម្រើការងារ ដោយមិនចាំបាច់ត្រឡប់ទៅដល់ស្រុកកំណើតនោះឡើយ ដូចអាណត្តិមុនៗនោះឡើយ៕