Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលរដ្ឋខ្មែរពីរនាក់បងប្អូន ដែលអាជ្ញាធរថៃចាប់ឃុំខ្លួន ពីបទប្រើប្រាស់ឯកសារក្លែងបន្លំខុសច្បាប់ នៅពេលនេះស្ថានអគ្គកុងស៊ុល កម្ពុជាប្រចាំខេត្តសាកែវ ជួយអន្តរាគមន៍ឲ្យនៅក្រៅឃុំបានហើយ

23-05-2017 19:05

(ភ្នំពេញ)៖ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ បានប្រកាសថា នៅពេលនេះ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តសាកែវ ប្រទេសថៃ បានជួយអន្តរាគមន៍ឲ្យពលរដ្ឋខ្មែរ២នាក់ ដែលត្រូវអាជ្ញាធរថៃចាប់ឃុំខ្លួន ពីបទប្រើប្រាស់ ឯកសារក្លែងបន្លំខុសច្បាប់ចូលទឹកដីថៃនោះ ឲ្យបាននៅក្រៅឃុំហើយ។

អ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សុន្ទរី បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា «នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ម្សិលមិញ តុលាការខេត្តសាកែវ បានសម្រេចយល់ព្រមឲ្យពលរដ្ឋខ្មែរទាំងពីរ ស្ថិតនៅក្រៅឃុំជាបណ្តោះអាសន្ន រង់ចាំតុលាការកាត់ក្តីនាពេលខាងមុខ»

សូមបញ្ជាក់ថា លោក យ៉ិន ម៉ាន់ អាយុ២២ឆ្នាំ និងប្អូនប្រុសលោក យ៉ិន អេន អាយុ១៨ឆ្នាំ ជាអ្នកស្រុកថ្មគោល ខេត្តបាត់ដំបង ត្រូវបានអាជ្ញាធរថៃឃាត់ខ្លួន កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ និងបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារខេត្តសាកែវ នៅថ្ងៃទី២៧ ខែមេសា ពីបទប្រើប្រាស់ឯកសារ ក្លែងបន្លំចូលទឹកដីថៃដោយខុសច្បាប់។ ពលរដ្ឋខ្មែរទាំង២នាក់ បានចូលប្រទេសថៃ តាមរយៈមេខ្យល់ម្នាក់ជាជនជាតិខ្មែរ ដោយប្រើប្រាស់ប័ណ្ណចេញ-ចូល អន្តោប្រវេសន៍ថៃ ដែលគេប្រើសម្រាប់ចេញ-ចូល ផ្សាររោងក្លឿ។

បើតាមអ្នកនាំពាក្យក្រសួងការបរទេ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ស្ថានអគ្គកុងស៊ុល បានសហការជាមួយមេធាវីជនជាតិថៃ និងក្រុមគ្រួសារ ជនរងគ្រោះ ស្នើសុំទៅតុលាការខេត្តសាកែវ ធានាពលរដ្ឋខ្មែរទាំងពីរនាក់នេះឲ្យស្ថិតនៅក្រៅឃុំ រហូតតុលាការក៏សម្រេចតាមសំណើតែម្តង៕