(កម្ពុជា)៖ ថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា គឺជា «ស្ថាបនិកសន្តិភាព» នៃប្រទេសកម្ពុជា ប្រកាសថា នឹងចេញដឹកនាំក្បួន មហាកម្លាំងការពារសន្តិភាព នៅថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់គណបក្សប្រជាជនកម្ពុជា។
នេះគឺជាការប្រកាសដ៏ឱឡាឬកថា «គណបក្សប្រជាជនកម្ពុជា» ដែលប្រជាជនទាំងអស់គ្នាស្គាល់ថាជា «បក្សទេវតា» គឺជាបក្សឈ្នះឆ្នោត ហើយនឹងបន្តឈ្នះឆ្នោតតទៅទៀត។ នេះក៏ជាសញ្ញាណបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា នឹងនៅបន្តរួមសុខ រួមសប្បាយរីករាយ ជាមួយប្រជាជនកម្ពុជាបន្តទៀត។
ការចេញដឹកនាំក្បួនមហាកម្លាំងអ្នកស្រឡាញ់សន្តិភាព មហាកម្លាំងអ្នកការពារសន្តិភាព នាពេលខាងមុខនេះ ក៏នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ របស់ប្រទេសកម្ពុជា ដើម្បីបញ្ជាក់ថា៖ «សន្តិភាព គឺជាជីវិត!» សន្តិភាពមានតម្លៃលើសអ្វីៗទាំងអស់!។
មេបក្សទេវតា ចេញដឹកនាំមហាក្បួននាពេលនេះ ក៏ជាការរំលឹកដល់ស្មារតីយើងទាំងអស់ជាប្រជាជនកម្ពុជាឲ្យប្រាកដក្នុងចិត្តថា៖ អ្វីដែលមានតម្លៃធំជាង នយោបាយ គឺ«សន្តិភាព»។ សន្តិភាព គឺបង្កើតប្រជាធិបតេយ្យ សិទ្ធ សេរីភាពពេញលេញនៅកម្ពុជាសព្វថ្ងៃ។ គ្មានសន្តិភាព គឺកើតមានសង្គ្រាម និងសោកនាដកម្មដ៏ខ្លោចផ្សារបំផុត!។
ពិតណាស់ មនុស្សម្នាក់មានជីវិត១។ ក៏ប៉ុន្តែយើងមិនអាចធ្វេសប្រហែសបណ្តោយឲ្យជាតិយើងស្លាប់ក្រោមនយោបាយប្រជាភិថុតបម្រើ មនោគមន៍វិជ្ជបរទេសបានជាដាច់ខាត។ មាតុភូមិកម្ពុជា ត្រូវតែឈររឹងមាំយូរអង្វែងក្រោម «ម្លប់សន្តិភាព»។ យើងបានប្រែក្លាយប្រទេសជាតិយើងពី «សង្គ្រាម មកកាន់ សន្តិភាព» ពី «គំនរផេះផង់ មកកាន់ការអភិវឌ្ឍន៍»។ យើងត្រូវតែរួមគ្នាបន្តទៅមុខតាមមាគ៌ានេះតទៅទៀត។
មេបក្សទេវតា ចេញដឹកនាំក្បួនមហាកម្លាំងការពារសន្តិភាពនេះទៀតសោត នឹងបានផ្ញើសារយ៉ាងច្បាស់ថា ដរាបណាយើងរួបរួមគ្នាការពារសន្តិភាពបាន គឺអ្វីក៏អាចកើតមានសម្រាប់យើងទាំងអស់គ្នា រស់នៅដោយកិត្តិយស និងបន្តធ្វើជា «ម្ចាស់នៃកម្ពុជា» ជាទីស្នេហារបស់យើង។
ជោគវាសនាអនាគតដ៏ប្រសើរបស់មាតុភូមិកម្ពុជា គឺមិនអាចផ្ញើលើអ្នកនយោបាយភូតកុហក អ្នកនយោបាយប្រជាភិថុត បោកប្រាស់ សន្យាខ្យល់ អ្នកនយោបាយជើងមិនជាប់ដី សីលធម៌ស្មោគគ្រោក និយាយញុះញ៉ុង និងអ្នកនយោបាយអគុណធម៌នោះទេ។ ក្រោមម្លប់សន្តិភាព ពួកគេអាចបញ្ចេញមតិបោកប្រាស់បាន ក៏ប៉ុន្តែ នៅក្នុងជាតិនេះពួកគេគ្មានសំណាងជាដាច់ខាត។ សារជាតិនៃពួកអ្នកនយោបាយដែលពោរពេញដោយកំហឹង និងគំនុំ គឺមិនខុសពីពួក ប៉ុល ពត នោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ គ្រប់ពេលវេលា គ្រប់កាលៈទេសៈ សម្តេចតេជោ ហ៊ុន សែន និង រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលជាបក្សរបស់ប្រជាជន ដើម្បីប្រជាជន គឺកម្ពុជា នឹងបន្តដំណើរទៅមុខដោយស្វាហាប់ជាមួយប្រជាជនកម្ពុជាទាំងអស់ ជាមួយមហាកម្លាំងការពារសន្តិភាពទាំងអស់ ប្រកបដោយកិត្តិយសឧដុង្គឧត្តម៕
ដោយ៖ សេនាជាតិ